(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកមរា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នងនៅសាលាបឋមសិក្សាពោធិ៍រស់ ស្ថិតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលចំណាយថវិកាសាងសង់អស់ប្រមាណ១២០លានរៀល ជាថវិការបស់មូលនិធិឃុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ ចុះជួយឃុំបាសាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋសរុបវត្តមានប្រមាណ ៧៦៧នាក់។

នាឱកាសនោះដែរ លោកអភិបាលខេត្តបាននាំនូវក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ។

លោក ម៉ែន វិបុល បានបន្តថាក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន៣បន្ទប់ នៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍រស់ និងសមិទ្ធផលនានានៅឃុំបាសាក់ នាឱកាសនេះដែលជាការរួមចំណែកចូលរួមឧបត្ថម្ភការសាងសង់ពីក្រុមប្រឹក្សាឃុំ និងជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមការងារចុះជួយឃុំ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលដឹកនាំពីសំណាក់លោកស្រី វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់។

លោកបានបន្ថែមថា សមិទ្ធផលទាំងនេះនឹងក្លាយជាកម្លាំងជំរុញឱ្យក្មួយៗសិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោក ម៉ែន វិបុល បានស្នើលោកគ្រូ អ្នកគ្រូទាំងអស់ ជួយបង្កើនការអប់រំ និងផ្សព្វផ្សាយដល់សិស្សឱ្យមានការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនគ្រប់កម្រិត ជួយបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងសហគមន៍ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

លោកបានបន្តថា ដោយឡែកមាតា បិតា អាណាព្យាបាលក៏សូមជួយអប់រំ ជំរុញ និងតាមដានការសិក្សារៀនសូត្ររបស់កូនចៅខ្លួនឱ្យបានជាប់ជាប្រចាំផងដែរ។ ម្យ៉ាងទៀត សូមបន្តពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩ ជាពិសេសវិធានការ «៣កុំ ៣ការពារ» និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យបានកាន់តែសកម្ម ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំនៅក្នុងសហគមន៍ឱ្យបានកាន់តែរឹងមាំថែមទៀត ដែលបច្ចុប្បន្ន ខេត្តស្វាយរៀង ក៏កំពុងបន្តចាក់ដូសមូលដ្ឋាន រហូតដល់ដូសទី៥ និងបន្ថែមដូសទី៦ ដល់ប្រជាពលរដ្ឋ និងកុមារចាប់ពី ៣ឆ្នាំឡើងទៅ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បាននាំមកនូវអំណោយ និងថិកាឧបត្ថម្ភពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថវិកាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ចំនួន ២០លានរៀល សម្រាប់ជួសជុលអគារសាលាសិក្សា ១ខ្នងទៀត និងថវិការបស់រដ្ឋបាលខេត្តស្វាយរៀងចំនួន ២០លានរៀល សម្រាប់ផ្ដល់ជូនដល់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសរុប ១២នាក់ ក្នុងម្នាក់ថវិកា ៣០,០០០រៀល, សិស្សានុសិស្ស ១៤១នាក់ ក្នុងម្នាក់ៗ កាតាប ១សម្ភារសិក្សា ១កំប្លេ និងថវិកា ៣,០០០រៀល, បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល, ​ចាស់ជរាគ្មានទីពឹង និងអ្នកពិការ ២៤នាក់ ក្នុងម្នាក់ៗ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ ត្រីខ ១ឡូ សាប៊ូម្សៅ ០,៥គីឡូក្រាម និងថវិកា ២០,០០០រៀល,​ ប្រជាពលរដ្ឋ ៤២៣នាក់ ប្រជាការពារ ១២នាក់ នគរបាលបុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុប ១៥នាក់ បេក្ខជនបម្រុង ៩នាក់ ក្រុមប្រឹក្សាឃុំមិនឈរឈ្មោះ ២នាក់ សមាគមនារី ៦នាក់ យុវជន ស.ស.យ.ក ២០នាក់ ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល, ក្រុមសម្របសម្រួល ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៨០,០០០រៀល និងក្រុមការងារស្រុក ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦០,០០០រៀលផងដែរ៕