(ភ្នំពេញ)៖ ថវិកាចំនួន ៣១,៤៩០ដុល្លារ (បីម៉ឺនមួយពាន់បួនរយកៅសិបដុល្លារ) និង ៣៣,១១៧,០០០រៀល (សាមសិបបីលានដប់មួយម៉ឺនប្រាំពីរពាន់រៀល) ដែលជាបច្ច័យបានមកពីពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូន មហាឧបាសិកា តោ សេងគី ហៅ តោ ឡោ ដែលជាអ្នកម្តាយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ខៀវ បុប្ផាផល បានប្រគល់ជូនមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា សម្រាប់ជួយដល់ជនពិការកំបុតដៃទាំងពីរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។
ថវិកានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ ព្រមទាំងបុត្រាបុត្រី និងចៅៗ បានធ្វើការប្រគល់ជូនដោយផ្ទាល់ដល់ លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បន្ទាប់ពីរៀបចំពិធីបុណ្យបានចប់សព្វគ្រប់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
លោកឧកញ៉ាបណ្ឌិត ជា រតនា ក្នុងនាមប្រធានមូលនិធិបានថ្លែងថា «ខ្ញុំបាទ និងភរិយា តំណាងឲ្យមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ លីហៀក រតនា ដើម្បីជួយជនពិការកំបុតដៃទាំងពីរ។ យើងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ បុប្ផាផល ដែលបានជួយជាបច្ច័យទាំងអស់ដែលបានមកពីបុណ្យ ខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលជូនមហាឧបាសិកា តោ សេងគី ហៅ តោ ឡោ ដល់មូលនិធិដែលមានបច្ច័យសរុបចំនួន ៣១,៤៩០ដុល្លារ (បីម៉ឺនមួយពាន់បួនរយកៅសិប) និង ៣៣,១១៧,០០០រៀល (សាមសិបបីលានដប់មួយម៉ឺនប្រាំពីរពាន់)»។
លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ បានគូសបញ្ជាក់ថា «មូលនិធិ នឹងយកបច្ច័យនេះទៅចាត់ចែងឲ្យចំគោលដៅ និងជាប្រយោជន៍ដល់ជនពិការកំបុតដៃទាំងពីរ នាពេលខាងមុខឆាប់ៗនេះ»។
ទឹកចិត្ដដ៏សប្បុរសធម៌ខាងលើនេះ បានសរបញ្ជាក់ឱ្យឃើញថា វប្បធម៌នៃការចែករំលែក និងជួយចុះសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង មានការរីកលូតលាស់គួរឱ្យកក់សម្គាល់ ដែលដើរតាមមាគ៌ាដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមានឈ្លាសវៃ, សម្ដេច តែងតែធ្វើការណែនាំ ចេះជួយចែករំលែក គ្នាទៅវិញទៅមកនៅក្នុងសង្គម។
សូមជម្រាបថា មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បង្កើតឡើងដើម្បីជួយសម្រួលការលំបាក និងលើកទឹកចិត្ដដល់ជនពិការកំបុតដៃទាំងពីរ ឲ្យមានសង្ឃឹមរស់នៅក្នុងជីវិតបន្ដទៀត ហើយមូលនិធិជួយដល់ជនពិការកំបុតដៃទាំងពីរ តាមរយៈការផ្ដល់ថវិកា បង្កើតចំណេះជំនាញ ឬមុខរបរ ជាពិសេសផ្គត់ផ្គង់ថវិកាសិក្សាផងដែរ ទៅតាមតម្រូវពួកគាត់ ដោយធ្វើយ៉ាងណាឱ្យជីវិតរស់នៅទទួលបានភាពល្អប្រសើរដូចអ្នកដទៃ។ កន្លងមកនេះ ជនពិការកំបុតដៃទាំងពីរជាច្រើនគ្រួសារ ទទួលបានការជួយជ្រោមជ្រែង ពីមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា៕