(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានប្រកាសសម្រួលភារកិច្ច និងតែងតាំងលោក ពេញ កែម ជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន និងបានផ្ដាំផ្ញើឱ្យមន្ត្រីគណបក្សមូលដ្ឋានបង្កើនចំណងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជនគ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋាន។
នាឱកាសនោះដែរ លោក ងួន រតនៈ បានផ្ដាំផ្ញើថា ក្នុងនាមជាអ្នកដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ត្រូវចេះសាមគ្គីភាពឯកភាពផ្ទៃក្នុងជាមួយសមាជិក-សមាជិកាគណបក្ស ត្រូវធ្វើជាស្នូលកំពុងឈរលើមាគ៌ាភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។ ពង្រឹងបន្ថែមពីសមត្ថភាពរបស់ខ្លួន និងយកចិត្តទុកដាក់បម្រើការងារគណបក្សក្នុងនាមជាថ្នាក់ដឹកនាំ មានក្រមសីលធម៌ មានភាពស្មោះត្រង់ជាមួយសមាជិក-សមាជិកា ដើម្បីរៀបចំផែនការប្រចាំខែ ប្រចាំឆ្នាំឱ្យមានការរីកចម្រើន។
លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានសង្កត់ធ្ងន់ថា «ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ត្រូវបង្កើនចំណងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជនគ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋាន ដើម្បីរក្សានិងពង្រីករប្រៀបឈ្នះរបស់គណបក្សលើការងារអប់រំនយោបាយ សតិអារម្មណ៍ ខិតខំកាត់បន្ថយ និងឈានទៅលុបបំបាត់ការថ្នាំងថ្នាក់ បាតុភាពអសកម្មនានា បង្កជំនឿជឿជាក់របស់ប្រជាជនមកលើថ្នាក់ដឹកនាំរបស់គណបក្ស ព្រមទាំងចិញ្ចឹមចលនានៅមូលដ្ឋាន និងធ្វើអំពើល្អ»។
លោក ងួន រតនៈ បានផ្ដាំផ្ញើដល់ប្រធានគណបក្ស និងសមាជិក-សមាជិកាបក្សទាំងអស់ត្រូវខិតខំធ្វើការដោះស្រាយបញ្ហាប្រឈម កង្វល់ សំណើ សំណូមពរ សេចក្តីត្រូវការរបស់ប្រជាជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាជនកម្ពុជា។
លោក ពេញ កែម ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន បានឡើងប្ដេជ្ញាចិត្តដែលមានខ្លឹមសារសំខាន់ៗបំផុត គឺអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស គោលការណ៍ សេចក្តីសម្រេច មាគ៌ា និងកម្មវិធីបយោបាយគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងគណបក្សមានភាពរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។
លោកបានប្ដេជ្ញាបន្តកសាងពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដោយប្រកាន់ភ្ជាប់គោលការណ៍ សមូហភាពដឹកនាំម្នាក់ៗមានការទទួលខុសត្រូវ។ បន្តកសាងមន្ត្រីក្នុងជួរគណបក្សនៅគ្រប់ថ្នាក់ ជាពិសេសក្នុងស្រទាប់យុវជន និងមន្ត្រីវ័យក្មេងឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងបរិបទនៃការចម្រើនលូតលាស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីក្លាយជាអ្នកបន្តវេនរបស់គណបក្សចាត់គ្រឹះរឹងមាំនៅតាមមូលដ្ឋាន៕