(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការចូលរួមរបស់សហគមន៍ គឺជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងតាមរយៈការលះបង់ថវិកាផ្ទាល់ខ្លួនក្នុងស្ថាបនាផ្លូវ ដែលបង្ហាញការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍភូមិ ឃុំ ឱ្យមានការរីកចម្រើន ក្រោមដំបូលនៃសុខសន្តិភាព។

ការលើកឡើងបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនៅក្នុងពេលលោក និងក្រុមការងារបានចុះទៅពិនិត្យផ្លូវបេតុងមួយខ្សែដែលកសាងដោយសហគមន៍នៅភូមិកំរែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

នៅក្នុងការចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានលះបង់ថវិកាកម្លាំងក្នុងការអភិវឌ្ឍភូមិ ឃុំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នេះគឺជាកម្លាំងសាមគ្គីមួយក្នុងការធ្វើឱ្យសម្រេចនូវសមិទ្ធិផលដែលយើងចង់បាន។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យចូលរួមបន្តទៀត ដើម្បីធ្វើការអភិវឌ្ឍភូមិ ឃុំឱ្យបានល្អនិងចូលរួមការពារថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែងដែលរាជរដ្ឋាភិបាល ដែលរកបានដោយលំបាក។

ក្នុងឱកាសនោះ លោក ងួន រតនៈ និងក្រុមការងារបានចូលរួមឧបត្ថម្ភនូវស៊ីម៉ង់ត៍ចំនួន៦០តោន និងថ្មខ្មៅ ១គុណ២ ចំនួន ១០០ម៉ែត្រគូប ហើយក្នុងនោះម្ចាស់គម្រោងដីឡូតិ៍សុខសាន្ត ក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ២០តោនផងដែរ។

លោកបន្តថានេះ គឺជាជំហានដំបូងក្នុងការចូលរួមឧបត្ថម្ភគាំទ្រជាមួយនឹងប្រជាពលរដ្ឋដែលបានខិតខំលះបង់ទាំងថវិកា ទាំងកម្លាំង។

បើតាមលោក សោម ធី ចៅសង្កាត់ស្រយ៉ូវ បានថ្លែងផ្លូវបេតុងប្រមាណជាង១,៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់ ១.៥ម៉ែត្រ គឺជាថវិការបស់មូលនិធិឃុំ សង្កាត់ ចំណែកឯផ្លូវបេតុងប្រមាណជិត ៤០០ម៉ែត្រ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋសុទ្ធសាធដែលបានលះបង់ថវិកា និងកម្លាំងមកសាងសង់ផ្លូវនេះ។

លោកបានបញ្ជាក់ទៀតថា ផ្លូវបេតុងនេះប្រជាពលរដ្ឋធ្វើតែពេលយប់ទេដោយសារពេលថ្ងៃប្រជាពលរដ្ឋជាប់រវល់ទៅធ្វើការងាររបស់ខ្លួន។ ក្នុងនាមអាជ្ញាធរសង្កាត់ លោកបានថ្លែងអំណរគុណចំពោះអភិបាលខេត្តកំពង់ធំ និងក្រុមការងារដែលបានផ្ដល់ជាសម្ភារៈសម្រាប់ឱ្យបងប្អូនបន្តការសាងសង់ផ្លូវបេតុងបន្ថែមទៀត៕