(សៀមរាប)៖ លោក ឡា សារ៉ន ដែលជាកសិករដាំបន្លែសរីរាង្គជាលក្ខណៈគ្រួសារ ក្នុងភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រកសិផលរបស់ខ្មែរ ដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ លោក ឡា សារ៉ន បានឱ្យដឹងថា «លោកប្រកបរបរដាំបន្លែសរីរាង្គនេះជាង ២០ឆ្មាំមកហើយ កាលដើមឡើយការដាំបន្លែរបស់លោកគ្រាន់តែចេះតមកពីឪពុកម្ដាយ ឬក៏ចាស់ៗនៅក្នុងភូមិ ដែលបានប្រាប់ និងណែនាំតែប៉ុណ្ណោះ ដោយមិនបានទៅរៀនជំនាញដាំបន្លែសរិរាង្គនេះ ពីមន្ទីរ ឬអង្គការណាមួយនោះឡើយ។ ហើយចំពោះការចាប់ផ្តើមដាំបន្លែដំបូងរយៈពេល១០ឆ្នាំ គឺមិនទទួលបានផលល្អនោះឡើយ និងថែមទាំងទទួលបានការចំអកពីអ្នកជិតខាងទៀតផង តែលោកមិនរវល់នឹងពាក្យចំអកទាំងនោះឡើយ ហើយថែមទាំងជំរុញទឹកចិត្តលោកឱ្តខំប្រឹងប្រែងដាំដំណាំ និងរៀនពីរបៀបដាំបន្លែសរិរាង្គពីមន្ទីរកសិកម្ម និងអង្គការមួយចំនួន ដែលបានចុះមកបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋ និងធ្វើជីកំប៉ុស ដើម្បីឱ្យបន្លែលូតលាស់បានល្អនឹងមិនមានសត្វល្អិតរំខាន ព្រមទាំងជួយរកទីផ្សារឱ្យផងដែរ»។
គួររម្លឹកផងដែរ លោក ឡា សារ៉ន កាលពីលោកមិនទាន់រៀបការ គឺលោកប្រកបរបរជាកម្មករសំណង់អស់រយៈជាង៦ឆ្នាំ ហើយក៏មិនបានសល់អ្វីជាធំដុំនោះដែរ។ បន្ទាប់ពីរៀបការរួចភរិយារបស់លោក មិនឱ្យទៅធ្វើការជាកម្មករសំណង់ទៀតឡើយ ដោយគិតគូរពីសុវត្ថភាព និងយល់ថា ការងារសំណង់មានការហត់នឿយខ្លាំងផង ទើបឱ្យលោកប្រកបរបរផ្សេងវិញ ដូច្នេះហើយទើបសម្រេចចិត្តប្រកបរបរដាំបន្លែ តាំងពីពេលនោះមករហូតដល់សព្វថ្ងៃ។
លោក ឡា សារ៉ន បានបន្តថា ក្រោយពីឈប់ធ្វើការងារសំណង់ ហើយក៏រៀនមិនបានជ្រៅជ្រះដូច ហើយក៏មិនមានការងារអ្វីធ្វើទៀត ទើបងាកមកដាំបន្លែសរីរាង្គនេះ ហើយក៏មិនបានរៀនពីរបៀបដាំទៀត ចំពោះការដាំរបស់លោក គឺមិនបានទទួលទិន្នផលល្អជាច្រើនឆ្នាំផងដែរ ហើយថែមទាំងទទួលបានពាក្យមាក់ងាយពីអ្នកជិតខាងទៀត ប៉ុន្តែ លោកមិនគិតពីការមាក់ងាយទាំងនោះឡើយ ដោយលោកបានលើកទឹកចិត្តខ្លួនឯង ដូចពាក្យស្លោកមួយឃ្លាពោលថា (ដួលកន្លែងត្រូវងើបនៅកន្លែងនោះវិញទើបជាប្រសើរ) ហើយលោកនៅតែដាំបន្លែរហូតទទួលបានជោគជ័យផងដែរ។
លោក ឡា សារ៉ន បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកមានការសប្បាយចិត្តជាខ្លាំងនឹងការងារដាំបន្លែនេះ ទោះបីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានខកខានក្នុងការដាំបន្លែនោះដែរ ដោយមានម៉ូយមកទិញដល់ផ្ទះដើម្បីយកទៅលក់បន្តនៅតាមផ្សារ ឬក៏កន្លែងផ្សេងៗទៀតជារៀងរាល់ថ្ងៃផងដែរ។ ចំពោះបន្លែសរីរាង្គ ដែលលោកដាំរួមមាន៖ ខាត់ណា សាឡាត់ស្រួយ ត្រឡាច ត្រសក់ ននោង ម្ទេសហាវៃ ជីគ្រប់មុខ ពោតបារាំង ត្រកួន និងប៉េងបោះផងដែរ។
ដោយឡែក ចំពោះជីដែលយកមកប្រើប្រាស់ក្នុងការដាំបន្លែសរីរាង្គនេះទៀត គឺលោកបានទិញអាចម៍គោ និងអាចម៍ទា ឬក៏មាន់ពីប្រជាពលរដ្ឋនៅក្នុងភូមិដោយក្នុងមួយការ៉ុង ៥ពាន់រៀល ហើយក្នុងមួយរោងលោកដាក់៥ការ៉ុង ហើយក៏មិនបាញ់ថ្នាំគីមី ដើម្បីឱ្យឆាប់បានប្រមូលទិន្នផលនោះដែរ ដូច្នេះ ហើយទើបធ្វើឱ្យដំណាំរបស់លោកទទួលបានទិន្នផលល្អ និងមានអតិថិជនមកទិញជាហូរហែផងដែរ។
ជាមួយនេះដែរ លោក ឡា សារ៉ន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រសិនបើមានដីសូមកុំទុកដីនោះចោល ដោយងាកមកដាំបន្លែ ឬក៏ប្រកបរបរកសិកម្មផ្សេងៗគ្រាន់បានចំណូលសម្រាប់ផ្គ់ផ្គង់ជីវភាពនៅក្នុងគ្រួសារ និងជៀសវាងការទៅចំណាកស្រុកខុសច្បាប់ផងដែរ៕