(ហាណូយ)៖ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីហាណូយ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រតិភូអ្នកសារព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញទៅទស្សនា នៅទីស្នាក់ការកណ្ដាលធនាគារ BIDV ដែលជាធនាគារដ៏ធំជាងគេមួយ របស់វៀតណាម មានទីតាំងនៅកណ្ដាលក្រុង ហើយធនាគារនេះ ក៏បានបើកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាផងដែរ មានឈ្មោះធនាគារ BIDC ដែលមានន័យថា ធនាគារពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។

តាមការថ្លែងរបស់លោក Ngu yenvietha អគ្គនាយករងធនាគារ BIDC នៅក្នុងពិធីទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នធនាគារនេះ មានទ្រព្យសម្បត្តិសរុបចំនួនជាង៣០ពាន់លានដុល្លារ ដែលជាធនាគារដ៏ធំមួយ របស់វៀតណាម។ ក្នុងនោះចាប់តាំងពីផ្លាស់ប្ដូរ ផែនការយុទ្ធសាស្ត្រនៅឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥មក ធនាគារ BIDV មានការរីកចំរើន ទទួលផលចំណេញជារៀងរាល់ឆ្នាំ។ ក្រៅពីមានសាខាធំៗ នៅក្នុងប្រទេសជាច្រើន ធនាគារ BIDVក៏ពង្រីកប្រតិបត្តិការ បើកសាខានៅក្រៅប្រទេសចំនួន៦ប្រទេសផងដែរ។

ដោយឡែកនៅប្រទេសកម្ពុជា សាខាធនាគារ BIDV មានឈ្មោះធនាគារ BIDC មានទីស្នាក់ការសាខាចំនួន៨ទីតាំង។ ក្នុងនោះទ្រព្យសម្បត្តិរបស់ធនាគារ BIDC នៅកម្ពុជាមានចំនួនរហូតដល់ ទៅ៧៥០លានដុល្លារ។

សូមបញ្ជាក់ថាធនាគារ BIDC នៅកម្ពុជាដែលជាសាខា របស់ធនាគារ BIDV នៅរដ្ឋធានីហាណូយភាគច្រើន គឺធ្វើប្រតិបត្តិការជាមួយ អ្នកវិនិយោគវៀតណាមនៅកម្ពុជា រួមទាំងអង្គការអន្តរជាតិ​នៅកម្ពុជា​ជាដើម៕