(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ បានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវសំខាន់ៗ និងបានធ្វើការបាញ់លាងសម្អាតនៅជុំវិញបរិវេណចំណតផ្សារធំថ្មី ក្រោយពីមានពាក្យបណ្តឹង និងការរអ៊ូរទាំរបស់ប្រជាពលរដ្ឋជុំបញ្ហាអនាម័យ។
ការចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថាននៅជុំវិញបរិវេណចំណតផ្សារធំថ្មីនេះ គឺធ្វើឡើងតាមការបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ។
លោក ចាប់ ឌីណា បានបញ្ជាក់ថា សម្រាប់យុទ្ធនាការក្តៅក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសម្អាតបរិស្ថាននេះ គឺកម្លាំងកងឯកភាពខណ្ឌនឹងធ្វើយ៉ាងឱ្យបរិវេណជុំវិញចំណតផ្សារធំថ្មីនេះ មានសណ្តាប់ធ្នាប់ សោភ័ណភាព និងមានបរិស្ថានល្អ ដោយមិនឱ្យមានធំក្លិនឆ្អេះឆ្អាប បង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅជុំវិញបរិវេណចំណតផ្សារធំថ្មី និងប្រជាពលរដ្ឋធ្វើដំណើរបន្តទៀត។
គួរឱ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី៣ ខែមករា ម្សិលមិញ កម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌបានបន្តចុះរៀបចំសណ្តាប់បន្ថែមនៅតាមបណ្តោយផ្លូវលេខ៥, លេខ១៣, លេខ១១០, លេខ១១៨, លេខ១៣០, លេខ១៣៦ ដែលកន្លងមករដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងស្តីពី ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រួចមកហើយ។
ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋាន តែបើទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តអនុវត្តឱ្យបានដូចភ្លៀងរលឹម ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ សារមន្ទីរជាតិជាដើម។ ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតហើយ ក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរ ក្នុងការវេចខ្ចប់សំរាម ការបញ្ចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធររដ្ឋបាលខណ្ឌ៕