(យ៉ាងហ្គោន)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា (ភូមា) លោកស្រី អ៊ុងសាន ស៊ូជី នៅព្រឹកថ្ងៃពុធនេះ បានចាកចេញពីទីក្រុងយ៉ាងហ្គោន ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការចំនួន៣ថ្ងៃ នៅប្រទេសថៃ តាមការស្នើអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ ខែមិថុនា។
យោងតាមការបញ្ជាក់ពីក្រសួងការបរទសថៃ លោកស្រី ស៊ូជី នឹងជួបជាមួយកម្មករអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដំបូងគេបំផុត នៅផ្សារតាឡាយរបស់ថៃ ដែលជាផ្សារអាហារសមុទ្រធំជាងគេបំផុតនៅក្នុងខេត្តសាម៉ុត សាខន។
នៅក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីនឹងជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ ចាន់អូចា ទៅលើកិច្ចសហប្រតិបត្តការមួយចំនួន ដើម្បីរឹតបន្ដឹងចំណងមិត្តភាពទ្វេភាគី ប៉ុន្តែពុំមានការបញ្ជាក់ថា នៅក្នុងជំនួបនោះ នឹងមានការចុះហត្ថលេខលើកិច្ចព្រៀមអ្វីខ្លះនោះទេ។
នៅថ្ងៃសៅរ៍ លោកស្រី ស៊ូជី នឹងទៅទស្សនកិច្ចកន្លែងជម្រកបណ្ដោះអាសន្នសម្រាប់ជនជម្លៀសមីយ៉ាន់ម៉ានៅខេត្ត Ratchaburi ហើយក៏បញ្ចប់ដំណើរទស្សនកិច្ចនៅល្ងាចថ្ងៃសៅរ៍នោះតែម្ដង។
គួរបញ្ជាក់ផងដែរថា មានកម្មករអន្តោប្រវេសន៍មីយ៉ាន់ម៉ា ដែលមានចុះបញ្ជីចំនួន ១,៥៩លាននាក់ កំពុងរស់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃ៕