(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងគណៈប្រតិភូ បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី១៩ របស់ RISEAP ក្រោមអធិបតីភាព Datuk Patinggi Tan Sri (Dr) Abang Haji Adul Rahman Zohari Bin Tun Datuk Abang Haji Openg ប្រធានរដ្ឋសារ៉ាវ៉ាក់ នៅសណ្ឋាគារ RIVERSIDE MAJESTIC ក្នុងក្រុង Kuching នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។
ពិធីបើកមហាសន្និបាតខាងលើ មានការអញ្ជើញចូលរួមពី Br. Ridzuan Wu អនុប្រធាន RISEAP តំណាងសម្តេចហាជ្ជី Abdul Taib Mahmud ដែលជាប្រធាន និង Dato Dr.Saeed មកពីអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA)។
ឱកាសបើកមហាសន្និបាតនេះ លោកប្រធានរដ្ឋសារ៉ាវ៉ាក់ បានអំពាវនាវឲ្យមានការបង្កើនយកចិត្តទុកដាក់ចំពោះជនមុស្លិម ដែលជាប្រជាពលរដ្ឋតាមបណ្ដាប្រទេសជាសមាជិកទាំង២៤របស់ខ្លួន ព្រោះសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន មានប្រជាជនជាច្រើន ប្រើប្រាស់បណ្តាញសង្គមជាសាធារណៈ ដូចជា Tiktok, Facebook, Instagram,Youtube, ... ដូច្នេះគួរប្រើបណ្តាញសង្គម ដើម្បីចែករំលែកចំណេះដឹងទូទៅ ជាជាងការចែករំលែកព័ត៌មានមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាពលរដ្ឋកាន់សាសនាឥស្លាម។
លោកបានសង្កត់ធ្ងន់ថា «ឥស្លាម ជាសាសនាដ៏ល្អ ពោរពេញទៅដោយសន្តិភាព បុគ្គលឥស្លាមដែលប្រតិបត្តិតាមក្បួនច្បាប់សាសនាត្រឹមត្រូវ បុគ្គលនោះនឹងជោគជ័យ»។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបជូនបណ្តាថ្នាក់ដឹកនាំឥស្លាម ដែលអញ្ជើញចូលរួមមហាសន្និបាតខាងលើ អំពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីការរំលត់ភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព នយោបាយមានស្ថេរភាព សេដ្ឋកិច្ចកំពុងអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។
លោកបន្ដថា ថ្វីបើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់គ្រប់សាសនាទាំងអស់ ដែលបានធ្វើឲ្យមានភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ រដ្ឋាភិបាលក៏បានផ្ដល់ឱកាស និងលទ្ធភាព ដល់សហគមន៍ឥស្លាមឲ្យស្មើរមុខស្មើរមាត់ ដូចប្រជាពលរដ្ឋទូទៅ។ ថ្មីៗនេះកម្ពុជាក៏ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
បណ្តាថ្នាក់ដឹកនាំឥស្លាមខាងលើ បានអបអរសាទរពីភាពជោគជ័យរបស់កម្ពុជា និងបានកោតសរសើរ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា RISEAP ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨០ ដោយ Tunku Abdul Rahman អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី១ ហើយគាត់ជាប្រធាន RISEAP រយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ ១៩៨០ដល់ ១៩៨៨ ដែលកាលនោះមានប្រទេសជាសមាជិកចំនួន១៦ ។ ចាប់ពីឆ្នាំ ១៩៨៨ មកដល់បច្ចុប្បន្ន សម្តេចហាជ្ជី Abdul Taib Mahmud ជាប្រធានទី២។
មកដល់បច្ចុប្បន្ននេះ RISEAP មានសមាជិកកើនដល់២៤ ដែលស្ថាប័នមួយនេះបង្កើតឡើង ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងមុស្លិមក្នុងតំបន់ និងអន្តរជាតិ៕