(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺមួយ ជុំវិញករណីជម្លោះដីធ្លីនៅពន្ធនាគារខេត្តរតនគិរី ដែលមានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ការចេញមកបំភ្លឺនេះ ធ្វើឡើងបន្ទាប់មានការចុះផ្សាយមិនគ្រប់ជ្រុយជ្រោយ និងមានភាពលម្អៀងទៅភាគីម្ខាងទៀត។

ក្នុងសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា ការការពារទ្រព្យសម្បត្តិសាធារណៈដែលគ្រប់គ្រងដោយពន្ធនាគារខេត្តឲ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់មន្ត្រីមានសមត្ថកិច្ច ដូច្នេះទង្វើរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុក គឹមជន ប្រធានពន្ធនាគារ និងលោកស្រី ឆោម ស្រីពេជ្រ អនុប្រធានពន្ធនាគារខេត្តរតនគិរី ដែលបាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញតាមផ្លូវតុលាការជាមួយមនុស្សមួយក្រុម ដែលកំពុងធ្វើសកម្មភាពគ្រប់រូបភាព រួមទាំងសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលមានចរិតលម្អៀងចោទប្រកាន់លាបពណ៌មកលើមន្ត្រីស្អាតស្អំផង។

ក្នុងនាមអង្គភាពសាធារណៈ អគ្គនាយកដ្ឋានពន្ធនាគារ តែងជំរុញលើកទឹកចិត្តការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់។ សូមបញ្ជាក់ទៅសារព័ត៌មានថា ការពឹងផ្អែកលើព័ត៌មានដែលមានមូលដ្ឋានតែមួយជ្រុង ដោយធ្វើការអត្ថាធិប្បាយបកស្រាយបែបលម្អៀងក្លែមសំដី និងសម្ភាសន៍តែភាគីម្ខាងមិនមែនជាទង្វើប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឡើយ ផ្ទុយទៅវិញជាសារព័ត៌មានបែបញុះញង់ដែលអាចបង្កឲ្យមានការយល់ច្រលំធ្ងន់ធ្ងរពីសំណាក់សាធារណជន៕