(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងថា ដើម្បីអបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំំ២០២៣ ផ្លូវបេតុងមួយខ្សែសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលទទួលបានហិរញ្ញប្បទាន ពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធានាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ។

ការថ្លែងរបស់លោកអភិបាលក្រុងស្វាយរៀងបានធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាសាធារណៈជាមួយប្រជាពលរដ្ឋ និងអ្នកទទួលផលពីគម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ជរ គឹមអាន់ តំណាង ក.វ.ក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សរ សុដានី អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង ក្រុមការងារបច្ចេកទេស នៃអង្គភាពគ្រប់គ្រងគម្រោង ក្រុមការងាររដ្ឋបាលក្រុង ក្រុមការងារសង្កាត់ស្វាយតឿ និងប្រជាពលរដ្ឋភូមិស្វាយតឿ សង្កាត់ស្វាយតឿជាច្រើននាក់ផងដែរ។

លោកអភិបាលក្រុងស្វាយរៀង បានបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលរដ្ឋបាលក្រុងស្វាយរៀង ទទួលបានហិរញ្ញប្បទាន ពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធានាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ និងត្រៀមកសាងក្នុងពេលឆាប់ៗនេះខាងមុខនេះ ដើម្បីជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ផងដែរ។

លោកបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងខេត្ត ក៏ដូចនៅក្រុងស្វាយរៀងផងដែរ។

ជាមួយគ្នានេះ លោក សរ សុដានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋភូមិស្វាយតឿ សង្កាត់ស្វាយតឿ នៅពេលទទួលបានសមិទ្ធផលថ្មី ផ្លូវចាក់បេតុងមួយខ្សែនេះហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី លោកចៅសង្កាត់ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឱ្យបានទាន់ពេលវេលាផងដែរ៕