(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បាន​ទៅប្រគល់ខ្នងផ្ទះទី២៣៧ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ តាម​រយៈទេសរដ្ឋមន្រ្តី​ កិត្តិសង្គហបណ្ឌិត គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក​ស្រី ឈិន ទី អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៤នាក់ ត្រូវជាភរិយាសពលោកពលបាលឯក អាំង វៀន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្ត​ព្រះវិហារ។ ​ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​ សុំការសម្រេចសាង​សង់​ផ្ទះជូនគាត់នៅពេលនេះ​ជាខ្នងផ្ទះទី២៣៧ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន​សែន​ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជននិង​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។​

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន ២កេស ទឹកត្រីចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងសម្ភារៈសម្រាប់ បប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ។

លោកស្រី ឈិន ទី គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានសូមគោរថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​ និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​ លុះ​អវសាន្តជីវិត​៕