(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ១៤៨១តោន។ បរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។

ប្រភេទត្រីដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទនេះរួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០%ខ្នងវែង ៥% ត្រីកប្រូក ៣% ត្រីច្រកែង ២% ត្រីល្បាត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។

កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់​ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំង​មានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២​កន្លងទៅ។

នៅពេលដែលផលត្រីកើនឡើង បងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តរកតុល្យភាពរវាងអភិរក្សនិងអភិវឌ្ឍ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះ កុំឲ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលតីពោរពេញផ្ទៃប្រទេស។

បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសូមស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទ​ទាំងអស់ ឲ្យគោរពច្បាប់នេសាទ ដើម្បីរក្សាធនធានជលផល ឲ្យបានយូរអង្វែង។ ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈម​នឹងទោសទណ្ឌជាធរមាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណាដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស៕