(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រយុទ្ធបទល្មើសប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់រួមនឹងដកហូតបានវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបគ្រឿងញៀន ចំនួន៣គោលដៅ បន្ដបន្ទាប់គ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ០២នាក់)។
* ក្នុងនោះគោលដៅទី១៖ នៅចំណុច ភូមិ១ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
* គោលដៅទី២៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២២និង២០នាទី នៅចំណុចភូមិ១ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់។
និងគោលដៅទី៣៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០០និង២០នាទី នៅចំណុចភូមិ២ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ ឃាត់ជនសង្ស័យចំនួន ០៣នាក់។
ជនសង្ស័យ និងវត្ថុតាងដកហូតមានដូចខាងក្រោម៖
ទី១៖ ឈ្មោះ ស្រី គឹមជីមាន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ
ទី២៖ ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ
ទី៣៖ ឈ្មោះ សុទ្ធ សេងឡាយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ
ទី៤៖ ឈ្មោះ សាំង ប៊ុនសេង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ
ទី៥៖ ឈ្មោះ សំ ម៉ារី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ដព្រះសីហនុ
និងទី៦៖ ឈ្មោះ សុខ ស្រីលីន ភេទស្រី ២៩ឆ្នាំ មានទីលំនៅ សង្កាត់២ ក្រុង/ខេត្ដព្រះសីហនុ
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់, ថ្នាំគ្រាប់សញ្ញា (WY) ចំនួន ០៣គ្រាប់, ប្រភេទថ្នាំអ៉ិចស្ដាស៊ីចំនួន ០២គ្រាប់, ទូរស័ព្ទចំនួន ១០គ្រឿង, ម៉ូតូ ០១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, កាំភ្លើងខ្លី ០១ដើម (គ្រាប់ចំនួន ៣៧គ្រាប់) និងលិខិតឆ្លងដែន ០១ក្បាល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន៕