(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤នាក់ ជាប់ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ និងបាញ់បោះសេរី ដែលប្រព្រឹត្តនៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
សមត្ថកិច្ចក្រុងបានឱ្យដឹងថា មានករណីបាញ់បោះប្រើប្រាស់អាវុធខុសច្បាប់នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ភ្លាម សមត្ថកិច្ចនគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការស្រាវជ្រាវចុះបង្ក្រាបរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ មកសាកសួរ។
សមត្ថកិច្ចក្រុងបាវិត បានបញ្ជាក់ថា ជនសង្ស័យ៤នាក់រួមមាន៖
ទី១៖ ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី (អ្នកកាន់អាវុធ)។
ទី២៖ ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
ទី៣៖ ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
និងទី៤៖ ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (អ្នកបើកបររថយន្ត)។
ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតបានរួមមាន៖ កាំភ្លើងម៉ាកខ្លីមួយដើមម៉ាក ZORAKI, គ្រាប់ចំនួន៤គ្រាប់ និងរថយន្តចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕