(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៦ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព»។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាឧទ្ធរណ៍ខេត្ត ប្រធានសាលាតំបូងខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ មន្ត្រីរាជការ ព្រមទាំងសិស្សានុសិស្ស។
នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹងថា ទិវាដែលប្រារព្ធឡើងនាពេលនេះ ក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះក៏ជាការបំផុសការយល់ដឹង យ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស ក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់នូវអនុសាសន៍ល្អៗ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ពិសេស បានផ្តាំផ្ញើដល់កងកម្លាំងទាំង៣ និងគ្រប់ស្ថាប័នពាក់ព័ន្ធរួមសហការគ្នា ជាមួយនឹងអាជ្ញាធរដែនដី ដើម្បីតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានកោតសសើរដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា ក្នុងការទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងរាល់បទល្មើសនានាបានទាន់ពេលវេលា និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើសពីនេះទៀត យើងក៏ត្រូវតែធ្វើសកម្មនេះជាប្រចាំឱ្យដូចភ្លៀងរលឹម ពីព្រោះជនទុច្ចរិត វានៅតែចាំមើលយើងដែរ ដូច្នោះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ។
ម្យ៉ាងវិញទៀត សូមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ រួមទាំងសិស្សនុសិស្សទាំងអស់ ចូលរួមចូលរួមផ្សព្វផ្សាយអំពើជួញដូរមនុស្សនេះបន្តទៀត ឱ្យបានទូលំទូលាយ គ្រប់ទីកន្លែងយើងត្រូវចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការងាររបស់យើងទាំងអស់គ្នា ដើម្បីកុំឱ្យមានអ្នកនៅចាញ់បោកមេខ្យល់បន្តទៀត។
ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងអ្នកចូលរួមទាំងអស់ បានទស្សនាសាច់រឿងអប់រំខ្លី ដែលសំដែងដោយប្អូនៗក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត និងបានផ្តល់កិត្តិយសបង្ហោះប៉ោងៗ ដើម្បីអបអរសាទរទិវានេះផងដែរ៕