(ភ្នំពេញ)៖ អគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិ លើកទី ៣ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍ ដើម្បីពិនិត្យអំពី «វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ២ និងការប្រកាសចាប់ផ្តើមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ និង កត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្ត ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ សម្រេចបាន រួមមាន៖

១៖ ក្រសួង-ស្ថាប័នចំនួន ៦ រួមមាន៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី ២ ដែលពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់ អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញ ជាប់កម្រិតកំណត់ ព្រមទាំងទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធ និងអាករ ក្រោមច្បាប់វិនិ-យោគ។

២៖ បានដាក់ឲ្យអនុវត្តជាផ្លូវការលើមុខងារបញ្ជូននិងទទួលវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ D (ATIGA e-Form D) និងមុខងារបញ្ជូននិងទទួលទិន្នន័យប្រតិវេទន៍គយអាស៊ាន (ASEAN Customs Declaration Document - ACDD) ។

ទន្ទឹមនឹងវឌ្ឍនភាពសម្រេចបានខាងលើ, អង្គប្រជុំ ក៏បានដាក់ទិសដៅអនុវត្តបន្ត និងប្រកាសចាប់ផ្តើម «គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣» ដោយពង្រីកវិសាលភាពប្រព័ន្ធ ទៅកាន់ក្រសួង-ស្ថាប័ន ដែលនៅសេសសល់ចំនួន៩បន្ថែមទៀត រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែនិងថាមពល, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដើម្បីសម្រេចបានជោគជ័យគម្រោងបញ្ជរតែមួយជាតិពេញលេញ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួង-ស្ថាប័នចំនួន ៦ ដែលកំពុងអនុវត្ដគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ២ បន្ដចូលរួមអនុវត្ដ ឲ្យបានពេញលេញ និងស្នើក្រសួង-ស្ថាប័នចំនួន ៩ បន្ថែមទៀត ដែលនឹងត្រូវចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣ ផ្តល់កិច្ចសហការក្មុងស្មារតីសកម្មនិងបុរេសកម្ម ពិសេសក្នុងដំណាក់កាលអភិវឌ្ឍ និងត្រៀមខ្លួនអនុវត្ដឲ្យសម្រេចបានជោគជ័យ ។

មុននឹងបញ្ចប់កិច្ចប្រជុំ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានប្រកាសចាប់ផ្តើមអនុវត្ត «គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣» ចាប់ពីពេលនេះ ដែលមានរយៈពេល១២ ខែ៕