(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា និងប្រទេសវៀតណាម បានសម្រេចឯកភាពគ្នា លើការជំរុញកិច្ចសហប្រតិបត្តិការ រវាងអជ្ញាធរខេត្ត និងខេត្តតាមព្រំដែន នៃប្រទេសទាំងពីរ ឲ្យមានការសហការគ្នាដោះស្រាយរាល់បញ្ហា ដែលបានកើតឡើងឲ្យបានជាន់ពេលវេលា និងពន្លឿនការងារបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ឲ្យបានឆាប់ចប់ជាស្ថាពរ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម រយៈ៣ថ្ងៃ ចាប់ពីថ្ងៃ២១ ដល់២៣ ខែមិថុនា ឆ្នាំ២០១៦ បានបញ្ជាក់ពីការឯកភាពគ្នា របស់ប្រមុខការទូតកម្ពុជា-វៀតណាមថា ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរខេត្ត និងខេត្តនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំងពីរ និងសហការគ្នាដោះស្រាយរាល់បញ្ហា ដែលបានកើតឡើងឲ្យបានទាន់ពេលវេលា និងពន្លឿនការងារបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំង២ ឲ្យបានឆាប់ចប់ជាស្ថាពរ ដើម្បីជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងកម្ពុជា-វៀតណាម។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ភាគីទាំងពីរ កម្ពុជា-វៀតណាម ក៏បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជំរុញពាណិជ្ជកម្ម រវវាងប្រទេសទាំងពីរ ឲ្យកើនដល់៥ពាន់លានដុល្លារអាមេរិក ដូចដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានឯកភាពគ្នា។
ដើម្បីឲ្យពង្រីកទំហំពាណិជ្ជកម្មឲ្យកើនដល់ ៥ពាន់លានដុល្លារនេះ ភាគីទាំង២នេះ បានឯកភាពគ្នា៦ចំណុច៖
១៖ លើកទឹកចិត្តឲ្យមានការវិនិយោគដោយផ្ទាល់ របស់វិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។
២៖ ជំរុញការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការជ្រៀសវាងយកពន្ធត្រួតគ្នាឲ្យបានឆាប់។
៣៖ សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងថ្មី ស្តីពីពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ សេវាកម្មនៅតំបន់ព្រំដែន។
៤៖ ជំរុញការសាងសង់ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ។
៥៖ ទប់ស្កាត់ការរត់ពន្ធទំនិញឆ្លងកាត់ព្រំដែន។
៦៖ រៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម នៅក្នុងប្រទេសទាំង២ ឲ្យបានញឹកញាប់៕