(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយអភិបាលរងខេត្តព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាសំណង់អគារសិក្សា អនុវិទ្យាល័យចំនួន ៥ខ្នង ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា អនុវិទ្យាល័យចំនួន ៥កន្លែង មាន៥ខ្នង ស្មើ១៥បន្ទប់ រួមទាំងបន្ទប់ទឹកបង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ស្ថិតនៅក្នុងឃុំលុងឃុងស្រុកបរកែវ, ឃុំញ៉ាង ស្រុកអណ្តូងមាស, ឃុំតាវែងក្រោម ស្រុកតាវែង និងឃុំកុកឡាក់ ឃុំកោះពាក្យ ស្រុកវើនសៃ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលចំណាយថវិកាអស់សរុបចំនួន ២៧៨,៣១០,៧៦ដុល្លារអាមេរិក។
លោក ញ៉ែម សំអឿន បានលើកទឹកចិត្ត ប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ រៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោកបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដីនៃរដ្ឋបាលស្រុកទាំង៥ គណៈកម្មការសាងសង់សាលារៀន ដែលខិតខំសម្របសម្រួលជាមួយដៃគូរដើម្បីធ្វើឱ្យសម្មិទ្ធផលសំណង់អគារសិក្សា ហេដ្ឋារចនាសម្ព័ន្ធអប់រំ នេះលេចរូបរាងឡើង។
លោកបានអំពាវនាវឱ្យសហគមន៍ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយថែរក្សា សំណង់អគារសិក្សានេះឱ្យនៅរឹងមាំ និងស្រស់ស្អាត ជាពិសេសលោកគ្រូ អ្នកគ្រូ សូមបង្ហាត់បង្រៀនសិស្សានុសិស្ស ដោយយកចិត្តទុកដាក់ទៅតាមជំនាញបច្ចេកទេស វិធីសាស្ត្រដែលទទួលបានពីការបណ្តុះបណ្តាលពីសាលាគរុគោសល្យ និងត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីចូលរួមចំណែកទាំងអស់គ្នាគាំទ្រ និងអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅធំៗរបស់ជាតិ ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍជាតិ និងគោរពនូវគោលការណ៍អភិបាលកិច្ចល្អ ដែលរួមមាន ការចូលរួម, នីតិរដ្ឋ, តម្លាភាព, គណនេយ្យភាព, សមធម៌, ការព្រមព្រៀងឯកភាពគ្នា, ការឆ្លើយតប និងប្រសិទ្ធភាពខ្ពស់៕