Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកពារាំង អំពាវនាវដល់ពលរដ្ឋដែលមានលំនៅឋានជាប់មាត់ច្រាំងទន្លេតូច ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងការបាក់ស្រុតផ្ទះសម្បែងដែលអាចកើតមានឡើងជាយថាហេតុ

03-01-2023 07:47

(ព្រៃវែង)៖ ដោយមានការបាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលក្នុងទន្លេតូច ជាបន្តបន្ទាប់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង, អាជ្ញាធរមានការព្រួយបារម្ភ និងអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។

លោក ឈាង សាវី មេឃុំកំពង់ពពិល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៅរដូវទឹកទន្លេតូចស្រក តែងតែមានការបាក់ស្រុតដី មាត់ច្រាំងទន្លេតូចដែលបណ្ដាលធ្វើឱ្យរងផលប៉ះដល់លំនៅឋាន និងទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋ ដែល រស់នៅតាមដងទន្លេតូច។

លោកមេឃុំបានបន្តថា ជាក់ស្ដែងនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២ មានការបាក់ស្រុតដីមាត់ច្រាំងទន្លេដែលធ្វើឱ្យ ខូចខាតផ្ទះសំបែងចំនួន៤គ្រួសារ នៅភូមិត្រាលចំនួន២គ្រួសារ ភូមិបទសន្ទ្រា ចំនួន២គ្រួសារ ហើយក៏មាន ការបាក់ស្រុតដីតាមមាត់ច្រាំងទន្លេតូច ជាច្រើនកន្លែងផងដែរ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានការបាក់ស្រុត ផ្ទះនៅក្បែរគល់ស្ពាន (ស្ពានថ្មី) នៅភូមិកំពង់ពពិល ចំនួន១គ្រួសារ ដែលធ្វើឱ្យខូចខាតផ្ទះ និងរោងទាំងស្រុង និង នៅថ្ងៃទី២ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១និង ៣០នាទី រសៀលនេះ ក៏មានករណីបាក់ស្រុតដីមាត់ទន្លេតូច ដែលបានឱ្យខូចខាតផ្ទះទាំងស្រុងចូលទៅក្នុងទន្លេចំនួន៤ គ្រួសារទៀត នៅភូមិព្រែកកាំភ្លើង ចំនួន១ គ្រួសារ និងភូមិជំនីក ចំនួន៣គ្រួសារ។

លោកមេឃុំបានបញ្ជាក់ថា ករណីទាំងអស់ខាងលើនេះ គឺជាករណីគួរឱ្យមានការព្រួយបារម្ភណ៍ខ្លាំង និងងាយរងហានិភ័យដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់មាត់ទន្លេតូច ៕