(ភ្នំពេញ)៖ លោក គ្រី ស៊ាងឡុង មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកម្លាំងសមត្ថកិច្ចកូរ៉េខាងត្បូងឃាត់ខ្លួន និងប្តឹងទារសំណងជំងឺចិត្ត ១២,០០០ដុល្លារ ពីបទបំពានផ្លូវភេទ ទៅលើនារីជនជាតិកូរ៉េខាងត្បូង ដែលជាអ្នកបកប្រែម្នាក់ អំឡុងពេលរូបលោកទៅចូលរួមកិច្ចប្រជុំអាស៊ានបូក៣ HRD នៅកូរ៉េខាងត្បូង កាលពីចុងខែឧសភាកន្លងទៅ។
ពាក់ព័ន្ធព័ត៌មាននេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូនណារ៉ុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះថា នៅវេលាម៉ោង ៣រសៀលថ្ងៃនេះក្រសួងនឹងចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបករណីនេះ។ តែលោកសូមមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
ចំណែកលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចដែរថា ពិតជាមានករណីឃាត់ខ្លួនលោក គ្រី ស៊ាងឡុង មន្រ្តីក្រសួងអប់រំមែន, ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែម។
យោងតាមការចេញផ្សាយរបស់ព័ត៌មាន កូរ៉េខាងត្បូងបាឲ្យដឹងថា លោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ១០យប់ថ្ងៃទី២៦ ខែឧសភា ម៉ោងនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ព័ត៌មានរបស់កូរ៉េ បានផ្សាយទៀតថា លោក គ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភទៅលើនារីជាអ្នកបកប្រែម្នាក់ ហើយត្រូវនារីស្រែកហៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
តាមព័ត៌មានចុងក្រោយ លោក គ្រី ស៊ាងឡុង ដែលមានតួនាទីថ្នាក់ប្រធាននាយកដ្ឋានមួយរូប ត្រូវបានអាជ្ញាធរទីក្រុងសេអ៊ូល សម្រេចដោះលែងបន្ទាប់ពីក្រសួងអប់រំកម្ពុជា បានយល់ព្រមបង់ប្រាក់ ១៤,១លានវ៉ុន ស្មើនឹង ១២,៣០០ដុល្លារសហរដ្ឋអាមេរិក ទៅលើការផាកពិន័យ។ ពាក់ព័ន្ធនិងរឿងអាស្រូវមួយនេះ Fresh News មិនទាន់អាចស្វែងរក ការបំភ្លឺពីលោក គ្រី ស៊ាងឡុង ដែលជាប្រធាននាយកដ្ឋានមួយ នៃក្រ សួងអប់រំនៅឡើយនោះទេ៕