(ភ្នំពេញ)៖ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ឆាយ សុផល ដោយសម្តែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ដែលទទួលដំណឹងថា លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់លោក បានទទួលមរណភាព វេលាម៉ោង ១១៥៥ នាទី នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
លោកបានលើកឡើងថា៖ «តាងនាមគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ដែលទទួលមរណភាពនៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១:៥៥នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
មករណភាពរបស់ លោក ឆាយ ធីរិទ្ធ គឺជាការបាត់បង់នូវមន្ត្រីមួយរូប ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមសុខរួមទុក្ខក្នុងការដោះស្រាយបញ្ហានៅក្នុងសង្កាត់ ចូលរួមយ៉ាងសកម្មនិងស្មោះត្រង់បម្រើប្រជាជននៅក្នុងសង្កាត់ និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដែលត្រូវបានប្រជាជនស្រលាញ់គោរពរាប់អានគ្រប់ៗគ្នា និងជាការបាត់បង់នូវឪពុកបង្កើត ជីតាជីតាទួត ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាទីបំផុតរបស់កូនៗ ចៅៗ និងញាតិមិត្តទាំងអស់។
ក្នុងវេលាដ៏សោកសង្រេងប្រកបដោយសេចក្តីសង្វេគជាទីបំផុតនេះ តាងនាមឲ្យគណៈកម្មការ មហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព លោក ឆាយ ធីរិទ្ធ សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ឆាយ សុផល ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវមនោសញ្ចេតនារំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំជាប្រធាន អនុប្រធាន លេខាធិការ និងជាសមាជិក សមាជិកា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា»។