(ភ្នំពេញ)៖ ទីបំផុត! ក្រោយមានការដង្ហោយរកកិច្ចអន្តរាគមន៍ ឲ្យថ្នាក់ដឹកនាំជួយនោះ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះប្រជាពលរដ្ឋ នៅសហគមន៍ភូមិទំនប់ ជាង១០០គ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្ហាញការសាទរយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរ រាជធានីភ្នំពេញ និងមន្រ្តីជំនាញបានចុះមក វាយកម្ទេចរបងសំណង់រឹងរបស់អភិបាលរង ខណ្ឌសែនសុខម្នាក់ គឺលោក ទាវ សំអឿន ចោលតែម្តងដើម្បីទុកធ្វើផ្លូវសាធារណៈ សម្រាប់ការធ្វើដំណើរ។
សម្រាប់ការជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋជាង១០០គ្រួសារខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ស៊ា សារិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌ ព្រមទាំងមន្រ្តីជំនាញមួយចំនួនទៀត។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅប្រជាពលរដ្ឋ នៅសហគមន៍ភូមិទំនប់ ជាង១០០គ្រួសារ បាននាំគ្នាតវ៉ាប្រឆាំងចំពោះសំណង់រឹង របស់អភិបាលរងខណ្ឌ ដែលបានសង់រំលោភលើផ្លូវលេខ១៩៧៤ ជាហេតុនាំឲ្យផ្លូវសាធារណៈកាន់តែរួមតូចឡើងៗ ពិបាកធ្វើដំណើរ ទើបពួកគាត់ បានស្នើសុំកិច្ចអន្តរាគមន៍ទៅដល់រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងអភិបាល រាជធានីភ្នំពេញតែម្តង។
អាជ្ញាធរខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សម្រាប់សំណង់រឹង នៅខាងមុខផ្លូវនោះ គឺលោកអភិបាលរងបានប្រាប់ ទៅអភិបាលខណ្ឌ ឲ្យហៅលោក ទាវ សំអឿន ដើម្បីទៅពិភាក្សាគ្នា ដើម្បីឈានទៅដល់ការវាយកម្ទេចចោល នៅពេលក្រោយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅ ក្នុងសហគន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដង្ហោយរកកិច្ចអន្តរាគមន៍ ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តីកណ្តាប់ដៃដែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយក្រោយមាន គេសង់សំណង់រឹង រំលោភផ្លូវសាធារណៈរបស់រដ្ឋ ពោលគឺផ្លូវលេខ១៩៧៤ ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវលេខ១០០៣។ ប្រជាពលរដ្ឋទាំងនេះ កាលពីឆ្នាំ២០១៥កន្លងទៅក៏ បានប្តឹងទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ផងដែរចំពោះករណីមួយនេះ រហូតលោកបាន ចេញលិខិតមួយចំនួន ផ្ញើទៅអភិបាលខណ្ឌជំនាន់លោក លី សាវេត សហការជាមួយមន្ទីរពាក់ព័ន្ធ ចុះទៅដោះស្រាយជូនប្រជាពលរដ្ឋ ។
ប៉ុន្តែលិខិតជាច្រើនសន្លឹករបស់លោក ប៉ា សុជាវង្ស ហាក់គ្មានតម្លៃគតិយុត្តនោះឡើយ សម្រាប់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងនោះ ពោលបានបណ្តែតបណ្តោយមានការសាងសង់ សំណង់រឹងរំលោភចូលផ្លូវមួយនេះ ស្ទើរនៅតែសល់មួយចង្វាម ខណ:ដែលផ្លូវនេះ មានទទឹងរហូតដល់១០ម៉ែត្រ ហើយជាផ្លូវសល់តាំងពីដូនតារបស់ប្រជាពលរដ្ឋ យូរលង់ណាស់មកហើយ។ តំណាងប្រជាពលរដ្ឋម្នាក់ បាននិយាយថា «ផ្លូវនេះ នៅក្នុងប្លង់មានទទឹងប្រមាណ១០ម៉ែត្រ តែក្នុងស្ថានភាពបច្ចុប្បន្ននេះ កន្លែងខ្លះមានទទឹងប្រហែល២ម៉ែត្រ កន្លែងខ្លះ៧ម៉ែត្រ និងកន្លែងខ្លះបិទទាំស្រុងតែម្ដងនេះ ក៏ព្រោះតែគេសង់សំណង់រឹង មួយថ្ងៃទៅមួយថ្ងៃ រំលោភលើផ្លូវ តែរឿងនេះ គ្មានអាជ្ញាធរដោះស្រាយនោះទេ បើទោះបី លោកអភិបាលក្រុង បានចេញលិខិតបង្គាប់ការទៅអភិបាលខណ្ឌមុន និងមន្រ្តីពាក់ព័ន្ធ ដោះស្រាយក៏ដោយ»៕