(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតនៃក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ រួមមាន៖​ អគារ​ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។នេះតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត យក់​ សម្បត្ដិ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទៀតថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។

លោកស្រីរដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល បានថ្លែងបន្ដថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៣ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ដែលជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ លើសពីនោះ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ពិសេសជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។

រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានគូសរម្លឹកបន្ថែមថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គឺជាការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយនៅថ្ងៃខាងមុខឆាប់ៗនេះ ប្រមុខដឹកនាំកម្ពុជាដ៏ឆ្នើមតែមួយគត់សម្រាប់កម្ពុជា នឹងមានគម្រោងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ៕