(កំពង់ឆ្នាំង)៖ ស្ថិតនៅក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២ ២០២៣ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស ព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហា សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីសង្ឃ នាំយកអំណោយជា សៀវភៅ ប៊ិច និងថវិកា ចុះចែកជូនដល់សិស្សានុសិស្ស ប្រមាណជិត ១០០នាក់ នៅសាលាបឋមសិក្សា ក្រឡាញ់រង្សី ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការចូលរួមពីសំណាក់ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះលេខាអនុគណ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ ភូមិ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិ្សជាច្រើននាក់ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មានសង្ឃដីកា នាឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល បានថ្លែងអំណរគុណជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់បែបយ៉ាងខិតខំបង្ហាត់បង្រៀន សិស្សានុសិស្សតាមបែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការយកចិត្តទុកដាក់បង្ហាត់បង្រៀន របស់លោកគ្រូអ្នកគ្រូ រួមជាមួយនឹងការខិតខំប្រឹងប្រែង របស់សិស្សានុសិស្សផ្ទាល់ បានស្តែងចេញជាលទ្ធផលល្អប្រសើរនាពេលកន្លងមក។
ព្រះមេត្តិសត្ថា វង្ស កុសល ក៏បានមានសង្ឃដីកា ណែនាំដល់ក្មួយៗសិស្សានុសិស្ស ឱ្យព្យាយាមខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ដើម្បីគ្រួសារ និងប្រទេសជាតិនៃយើង ហើយមានតែការរៀនសូត្រទេ ទើបធ្វើឱ្យជីវិត និងអនាគត់របស់យើងតែល្អប្រសើរឡើង និងបានអំពាវនាវដល់សិស្សានុសិស្សបន្តការពារខ្លួនដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ដែរថា សិស្សានុសិស្សនៅសាលាបឋមសិក្សា ក្រឡាញ់រង្សី ទាំង ៩០នាក់នោះទទួលបានអំណោយរួមមាន៖ សៀវភៅ ២ក្បាល ប៊ិច ១ដេីម ខ្មៅដៃ១ដើម និងថវិកាម្នាក់ ២០០០ពាន់រៀល ដោយឡែកលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបានថវិកា ២០ ០០០រៀលផងដែរ៕