(គូឡាឡាំពួ)៖ ក្រុមហ៊ុន Honda នៅប្រទេសម៉ាឡេស៊ី បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ខ្លួនមានវិធានការប្រមូលរថយន្តប្រមាណ ១៤៧,៨៩៤គ្រឿង ត្រឡប់មកជួសជុលវិញ បន្ទាប់ពីរកឃើញថា រថយន្តទាំងនោះ មានបញ្ហាពោងសុវត្ថិភាពផ្នែកខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមការងារ Honda នឹងធ្វើការប្រមូលរថយន្តទាំងនោះដោយផ្ទាល់ ដើម្បីយកមកផ្លាស់ប្ដូរ ពោងសុវត្ថិភាព ហើយចំពោះការចំណាយវិញគឺជាផ្ទុករបស់ក្រុមហ៊ុន Honda Malaysia។
ក្រុមហ៊ុន Honda Malaysia បានលើកឡើងថា ពោងសុវត្ថិភាពគឺជាកត្តាចម្បងដែលត្រូវយកចិត្តទុកដាក់ ដូច្នេះក្រុមហ៊ុនត្រូវតែធានាឲ្យបាន នូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយក៏សោកស្ដាយផងដែរ ដែលកើតមានបញ្ហាដូចខាងលើ៕