(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ថា រយៈពេល១ខែ ពោលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន ២៣,១៦៥នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមភូមិ និងតាមខ្នងផ្ទះ ដែលអនុវត្ដតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល៣១ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបរួមគឺធ្វើបាន ចំនួន២៣,១៦៥នាក់»។

បន្ថែមពីនោះទៀត លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា សន្ទុះនៃការធ្វើអត្ដសញ្ណញាប័ណ្ណសញ្ជាតិខ្មែរ ចុះតាមភូមិផ្ទាល់ និងចុះតាមផ្ទះផ្ទាល់ បើធៀបទៅនឹងការធ្វើ នៅតាមទីតាំងរបស់សមត្ថកិច្ច គឺមានការខុសគ្នាច្រើន។

លោកបានឲ្យដឹងថា តាមទីតាំងនីមួយៗ តាមបណ្ដាភូមិ តាមបណ្ដាផ្ទះប្រជាពលរដ្ឋ គឺបងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងក្ដីរំភើប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅ នូវគំនិតផ្ដួចផ្ដើមរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត តែងតែគិតគូនៅសុខទុក្ខ និងតែងតែធ្វើយ៉ាងណា ឲ្យក្រុមការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានលឿនបំផុត។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា អ្វីដែលសំខាន់លើសពីនោះទៀត គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល។

យុទ្ធនាការនេះ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ប៉ុស្តិ៍នគរបាលសង្កាត់។ តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះ ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ដែលត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូច។

ហើយនេះជាយុទ្ធនាការមួយគួរឲ្យកោតសសើរ ដែលមន្ត្រីនគរបាលបានចុះអនុវត្តន៍បែបនេះ គឺជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឲ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពីមន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕