(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជំរុញដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដើម្បីក្លាយខ្លួន ជាទំពាំងស្នងឫស្សី និងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាព និងលើកស្ទួយនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងឡើងទ្វេដងដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានា។
ការជំរុញបែបនេះ របស់លោក ជា សុមេធី បានធ្វើឡើងក្នុងឱកាសលោកដែលអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរ លោក ជា សុមេធី បានបន្ថែមទៀតថា ថ្ងៃនេះ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិត សិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងត្រូវដល់អាយុចូលរៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ សិក្សានុសិស្ស ជាកុលបុត្រ កុលធីតា របស់ប្រទេសជាតិយើង។
លោកអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង សា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក។
បន្ថែមពីនេះ លោក ជា សុមេធី បានបញ្ជាក់ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាកដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យ យើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដែលក្នុងនោះយើង បានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព, ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ, និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។
លោកអភិបាលខេត្ត បានលើកឡើងថា ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់នាពេលកន្លងមក។
បើតាមលោក បា៉វ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានឱ្យដឹងថា សាលាមត្តេយ្យសិក្សាទូទាំងខេត្តមាន ៣៩៩ សាលា, សាលាមត្តេយ្យដាច់មាន ២២សាលា មត្តេយ្យសិក្សាសហគមន៍មានចំនួន ២៩៦កន្លែង មត្តេយ្យសិក្សាសហគមន៍មត្តេយ្យដែលមានលក្ខណៈស្តង់ដារចំនួន ៨៤កន្លែង សាលាបឋមសិក្សាមានចំនួន ៥៤៧សាលា។ អនុវិទ្យាល័យមានចំនួន ៩៣សាលា។វិទ្យាល័យរដ្ឋមានចំនួន ៣២សាលា វិទ្យាល័យគាំទ្រដោយអង្គការដៃគូចំនួន ១សាលា។
ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានសិស្សប្រឡងជាប់សរុប ៥,៧៩៩នាក់ ស្រី ៣ ៤៨៤ នាក់ ស្មើនឹង ៧៥,៧៤% ក្នុងនោះស្រី ៨២,២៥% ក្នុងនោះមាន៖
*សិស្សជាប់និទ្ទេស A ចំនួន៦១នាក់ ស្រី ៣៧នាក់
*សិស្សជាប់និទ្ទេស B ចំនួន៥៧៧នាក់ ស្រី ៣៧១នាក់
*សិស្សជាប់និទ្ទេស C ចំនួន១,៤៤១នាក់ ស្រី៩៣១នាក់
*សិស្សជាប់និទ្ទេស D ចំនួន១,៩២០នាក់ ស្រី ១,១៤២នាក់
*សិស្សជាប់និទ្ទេស E ចំនួន១,៨៣០នាក់ ស្រី ១,០០៣នាក់។
ដោយឡែកចំពោះការប្រឡងសិស្សពូកែទូទាំងប្រទេស ជាប់ជយលាភី ថ្នាក់ទី៩មាន៦នាក់ ស្រី៤នាក់ ថ្នាក់ទី១២ មាន៥នាក់ស្រី ៤នាក់ សរុប១១នាក់ ស្រី៨នាក់ មេដាយមាសចំនួន ៣នាក់ ស្រី២នាក់ មេដាយប្រាក់ ១នាក់ មេដាយសំរឹទ្ធ១នាក់៕