(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនគោលមិត្តភាព រវាងក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំនៅកម្ពុជា។
ពិធីវាយកូនគោលមិត្តភាពនេះ បានប្រព្រឹត្តទៅនៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោលរីស៊ត ដោយមានការអញ្ជើញចូលរួមភាពពីភាគីចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបទៀត។ ចំណែកភាគីខាងក្រសួងមហាផ្ទៃវិញ មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។
ពិធីពិសារអាហារអបអរសាទរសម្តេច ទទួលបានមេដាយមាសពីក្រសួងសន្តិសុខចិន ក៏ត្រូវបានប្រារព្ធឡើងនាពេលនោះដែរ។
សម្ដេចក្រឡាហោម បានទទួលមេដាយមាស Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានថ្លែងថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងលោកឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និត ប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នា ប្រកបដោយភាតរភាព។
ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិនមួយចំនួនទៀតដែរ។ សម្ដេចក្រឡាហោម បានថ្លែងថា ការជួបគ្នានេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក រវាងក្រុមអ្នកវិនិយោគប្រទេសទាំង២ផងដែរ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី តែងអញ្ជើញចូលរួមវាយកូនគោលមិត្តភាព ជាមួយឯកអគ្គរដ្ឋទូតចិន និងជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕