(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិត ហ៊ុន សែន ស្ថិតក្នុងអូរតាពឺតសង្កាត់ទទលល្វា ក្រុងប៉ៃលិន។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ អ៉ី ឈាន បានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយបន្ថែម និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះ សូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន។
នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៉ាំនៅក្នុងសហគមន៍ ខណៈបច្ចប្បន្ននេះ ស្ថានភាពជំងឺកូវីដ១៩ មិនទាន់រលាយបាត់ពីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនៅឡើយទេ៕