(ស្វាយរៀង)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ជានិមិត្តរូបនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត លោក លោកស្រីដែលជាប្រតិភូអមដំណើរ មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ចំពោះលោកបណ្ឌិតសភាចារ្យ គឺពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដ៏ធំធេងចំពោះបុគ្គលិកសិក្សា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្តស្វាយរៀងទាំងមូល នៅក្នុងបរិបទ នៃការអនុវត្តកម្មវិធីកំណែទម្រង់ និងការរីកចម្រើន នៃវិស័យអប់រំ នាពេលបច្ចុប្បន្ន។ ហើយនេះក៏ជាកិត្តិយស ប្រកបដោយមោទកភាពដែលវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ត្រូវបានក្រសួងជ្រើសរើសសម្រាប់ការរៀបចំពិធីបើកបវេសនកាលជានិមិត្តរូបនៅឆ្នាំនេះ ដែលមិនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាល័យ ឬស្រុកនោះទេ ប៉ុន្តែជាកិត្តិយសរបស់ខេត្តស្វាយរៀងយើងទាំងមូល និងក៏សរបញ្ជាក់ឱ្យឃើញពីគុណតម្លៃ និងការអភិវឌ្ឍរីកចម្រើននៅទីនេះ។

លោកអភិបាលខេត្តក៏បានលើកឡើងពីស្ថានភាពទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពនានាដែលរដ្ឋបាលខេត្តសម្រេចបាន ពិសេសក្នុងវិស័យអប់រំចាប់ពីឆ្នាំ២០១៥មក ខេត្តស្វាយរៀង មានសិស្សទទួលបាននិទ្ទេស A ស្ទើរ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០១៦ ដែលមិនមាន ហើយមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំ ជាមធ្យមចាប់ពី៧០%ឡើងទៅ​។

ជាមួយគ្នានេះដែរ លោក ម៉ែន វិបុល បានបញ្ជាក់ថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការអប់រំប្រកបដោយចីរភាពពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។

បន្ថែមពីនេះ លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ការដឹកនាំរបស់សម្ដេច ហ៊ុន សែន បានជួយឱ្យប្រជាពលរដ្ឋឆ្លងផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការដោយឥតគិតថ្លៃ។

បន្ថែមលើសពីនេះ លោករដ្ឋមន្រ្តីបានជំរុញដល់មន្ត្រីដែលពាក់ព័ន្ធត្រូវចូលរួមពង្រីកការកែទម្រង់តាមសាលារៀន ដើម្បីឱ្យសាលារៀន ទទួលបានស្ដង់ដាមួយដែលមានប្រសិទ្ធភាព សាលារៀនដែលអាចជួយគាំទ្រដល់សិស្ស សាលារៀនដែលជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្លាយជាប្រទេសអភិវឌ្ឍន៍តាមចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕