(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកមេសាង និងជាប្រធានក្រុមការងារចុះមូលដ្ឋានជួយឃុំព្រៃឃ្នេស នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅអនុវិទ្យាល័យព្រៃឃ្នេស។
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣នេះ បានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ឪពុក ម្តាយ អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានិសិស្សចំនួន ៥៦១នាក់ផងដែរ។
នាឱកាសនោះដែរ សន្តិបណ្ឌិត ហេង ហាក់ បានថ្លែងថា ការអប់រំប្រកបដោយចីរភាពពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
លោកបានបន្តថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។
បន្ថែមពីនេះ លោកសន្តិបណ្ឌិត ហេង ហាក់ ក៏ថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក៕