(ភ្នំពេញ)៖ ជនដៃដល់ដែលចាក់សម្លាប់ស្រ្តីយោធា នៅក្រសួងការពារជាតិ ពេលកំពុងដើរតាមដងផ្លូវនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនបានហើយ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ជនសង្ស័យស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា ស្រ្តីយោធានៅក្រសួងការពារជាតិពាក់ស័ក្តិ៣ម្នាក់ ត្រូវជនមិនស្គាល់មុខ យកកាំបិតចុងស្រួចចាក់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង។ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសមាឌធំ អាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ ទៅលើស្ត្រីរងគ្រោះ ពីក្រោយបណ្តាលឲ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
នៅកន្លែងកើតហេតុសមត្ថកិច្ចសង្ស័យថា ករណីនេះជាករណីគំនុំ ដែលមកដល់ពេលនេះកំពុងស្រាវជ្រាវ រកមុខជនសង្ស័យចាប់មកផ្តន្ទាទោស តាមច្បាប់ឲ្យបាន។
ស្រ្តីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក៕