(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ត្រូវបញ្ចូនមន្ត្រីជាប់កិច្ចសន្យាទាំងនោះទៅចុះបញ្ជី និងបង់ភាគទានទៅបេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមាន។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀត ការជូនដំណឹងនេះក្រោយក្រសួង បានសង្កេតឃើញនៅតាមបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដែលមិនមានការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ ហើយមន្ត្រីជាប់កិច្ចសន្យាទាំងនោះពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឡើយ។
ចំពោះបែបបទ និងនីតិវិធីលម្អិតនៃការចុះបញ្ជី និងបង់ភាគទាន សូមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការទំនាក់ទំនងទៅតាមបណ្តាសាខា ប.ស.ស. រាជធានី ខេត្ត/ខណ្ឌ ឬអាចទំនាក់ទំនងតាមរយៈ Hotline ១២៨៦ ឬទូរស័ព្ទលេខ ០២៣ ២៦០ ០០១/០២៣ ៨៨១ ០១៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖