(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ពិធីនេះ នឹងធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។ មុនត្រូវបានចូលកាន់តំណែងនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ។

ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង៕