(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាពិសេសដល់អភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យបង្កើនការយកចិត្តទុកដាក់អភិរក្សសត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ និងបានណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ដើម្បីអភិរក្សសត្វផ្សោត។
ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់មានរបាយការណ៍ពីករណីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជ បានងាប់ជាបន្ទាប់ ដោយសារតែជាប់មង សន្ទូច និងបទល្មើសសនេសាទខុសច្បាប់មួយចំនួន នៅតំបន់សត្វផ្សោតទន្លេមេគង្គរស់នៅ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំសូមដាក់តឿន អ្វីដែលចង់និយាយអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលទាក់ទងនឹងតំបន់អភិរក្សសត្វផ្សោត ត្រូវតែទទួលខុសត្រូវ មិនត្រូវពឹងផ្អែកទៅលើតែក្រសួងកសិកម្ម ទេ តំបន់ផ្សោតនេះត្រូវតែការពារ កាលពីប៉ុន្មានអាទិត្យមុនមានផ្សោតងាប់ដោយសារជាប់មង»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅអភិបាលខេត្តទាំងពីរ ឱ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់ការនេសាទ ការដាក់មង និងការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន១០០ភាគរយ រួមទាំងការកំណត់តំបន់ស្នូលផ្សេងទៀត ទៅតាមស្ថានភាពទឹកឡើង និងទឹកចុះជាដើម។
«ខ្ញុំសូមដាស់តឿនតំបន់នេះ ត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែង សម្រាប់ទន្លេមេគង្គ ដែលសម្បូរទៅដោយសារសត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ ជាពិសេសសត្វផ្សោតនេះឯង ត្រូវតែមានរបៀបរៀបរយឱ្យបានល្អ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋាបាលខេត្តទាំងពីរដែលមានវត្តមានសត្វផ្សោតរស់នៅ ត្រូវរៀបចំលើការអភិរក្ស និងការពារ ព្រមទាំងធានាថាសត្វផ្សោតទន្លេមេគង្គនេះកុំឱ្យជាប់មង ជាពិសេសមិនត្រូវឱ្យមានឧបករណ៍ ឬកត្តាមួយចំមួនមករំខានសត្វផ្សោតជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ត្រូវតែមានតំបន់ស្នូលអចិន្ត្រៃយ៍នៅក្នុងទន្លេ ត្រូវតែមានគំនូស ដើម្បីឱ្យប្រជាជនបានដឹង យើងទម្លាក់ពោងក្នុងហ្នឹង គឺអត់ឱ្យមានការចូលនេសាទទាំងអស់ គឺដាច់ខាតតែម្តង»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការងាររៀបចំកំណត់តំបន់ស្នូលក្នុងទន្លេមេគង្គ ដែលមានវត្តមានសត្វផ្សោតកំពុងរស់នៅ គឺរដ្ឋាលខេត្តទាំងពីរ ត្រូវតែធ្វើឱ្យបានជាក់លាក់ ដើម្បីធ្វើយ៉ាងណាហាមឃាត់ការនេសាទ ដាក់មង ឬសន្ទូចដែលអាចធ្វើឱ្យសត្វផ្សោតផុតពូជ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរក្សា ការពារ និងអភិរក្សពូជសត្វផ្សោត បានគង់វង្សនឹងធ្វើឱ្យប្រជាជនរស់នៅតំបន់ដែលសត្វផ្សោតទទួលផលប្រយោជន៍យ៉ាងខ្លាំងពីចំណូលពីភ្ញៀវទេសចរ។ ដូច្នេះ ប្រសិនបើបណ្តោយឱ្យអ្នកនេសាទចូលនេសាទ តំបន់សត្វផ្សោតរស់នៅ គឺទទួលផលតែអ្នកនេសាទ ប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែ វាបានបំផ្លាញ និងធ្វើឱ្យខូចខាតតំបន់ដែលត្រូវអភិរក្សសត្វផ្សោត។ «អ៊ឹចឹងតំបន់តាំងពីព្រំដែនឡាវ រហូតចុះមកដល់ខេត្តក្រចេះនេះ ត្រូវតែជាតំបន់ដែលត្រូវប្រុងប្រយ័ត្ន ត្រូវតែយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុតទៅលើការការពារលើតំបន់នេះ!»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមអភិរក្ស ដោយមិនត្រូវចូលនេសាទនៅតំបន់ដែលមានការហាមឃាត់នោះទេ ប៉ុន្តែ ដើម្បីឱ្យបានច្បាស់លាស់ ត្រូវតែបោះពោង ដោយបោះយុទ្ធថ្កា និងដាក់ផ្ទាំងសូឡា ដើម្បីបំភ្លឺក្នុងតំបន់អភិរក្សសត្វផ្សោតតែម្តង ដើម្បីធានាការពារសត្វផ្សោតនេះជាដើម។
សូមជម្រាបថា អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ថា WWF បានប្រកាសអាសន្នអំពីការងាប់ជាបន្តបន្ទាប់ នៃសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជា ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតងាប់កើនឡើងរហូតដល់ទៅ១១ក្បាលទៅហើយ។ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ក្បាល»៕