(យូអិន)៖ ប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោស ប្រជាជាតិនុយក្លេអ៊ែរ កូរ៉េខាងជើង ដែលបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មី កាលពីថ្ងៃទីពុធចំនួនពីរលើក ហើយ លោកបានអំពាវនាវឲ្យស្ថាប័នដ៏មានអំណាចបំផុតលើលោកមួយនេះ ចាត់វិធានការឆ្លើយតបជាបន្ទាន់។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។
លោក Francois Delattre ឯកអគ្គរដ្ឋទូតតំណាងប្រទេសបារាំងនៅអង្គការសហប្រជាជាតិ និងដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដែរនោះ បានហៅការធ្វើតេស្តរបស់កូរ៉េខាងជើងនោះថា ជាទង្វើរំលោភបំពាន ច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រលែត ដែលមិនអាចឲ្យនរណាម្នាក់ទទួលយកបាននោះឡើយ។
លោក Dolattre បានអំពាវនាវឲ្យក្រុមប្រឹក្សានេះរៀបចំកិច្ចប្រជុំជាបន្ទាប់មួយនៅថ្ងៃស្អែក ដើម្បីសម្រេចឲ្យបាននូវ សកម្មភាពឆ្លើយតបយ៉ាងដាច់ណាត់ ចំពោះកូរ៉េខាងជើង។ តំណាងបារាំងរូបនេះ បានបញ្ជាក់ទៀតថា កម្មវិធីគ្រាប់ មីស៊ីលរបស់កូរ៉េខាងជើង កំពុងតែគំរាមកំហែងខ្លាំងណាស់ ចំពោះសន្តិសុខតំបន់ និង អន្តរជាតិ។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក អង្គការណាតូ ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង កំពុងតែតាមដានយ៉ាងដិតដល់ ចំពោះសកម្មភាពរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសដ៏មានឥទ្ធិពលទាំងនេះ បានប្រកាសថ្កោលទោសទីក្រុងព្យុងយ៉ាង និងកំពុងរៀបចំទណ្ឌកម្ម សម្រាប់ដាក់លើរដ្ឋកុម្មុយនិស្តមួយនេះ ឲ្យកាន់តែធ្ងន់ធ្ងរជាងមុនទៀត៕