(ប៉ារីស)៖ សម្រាប់ក្រុមបាល់ទាត់ទាំងឡាយណា ដែលទទួលបានជ័យជំនះក្នុងវគ្គ ១៦ក្រុមចុងក្រោយ (វគ្គចាញ់ធ្លាក់) និងទទួលបាន ទឹកប្រាក់បន្ថែមចំនួន ២.៧៤លានដុល្លារអាមេរិកទៀត ក្នុងការឡើងទៅលេងវគ្គ៨ក្រុម ក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំង នេះបើយោងតាមគេហទំព័រ UEFA។
ទន្ទឹមគ្នានោះ UEFA ក៏បានផ្តល់ប្រាក់រង្វាន់ ១.៦៥លានដុល្លារក្នុង១ក្រុម សម្រាប់ក្រុមទាំងអស់ដែលបានឡើងមកដល់ វគ្គ១៦ក្រុមនេះដែរ ក្រៅពីឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុ៣ប្រកួតក្នុងពូលនីមួយៗ ក្រៅពីឈ្នះ១ប្រកួតបាន ១លានដុល្លារ និងស្មើបាន ៥៥ម៉ឹនដុល្លារហើយនោះ ដោយសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបមួយនេះ នៅតែបន្តផ្តល់ ប្រាក់រង្វាន់ ៤.៤ លានដុល្លារទៀត សម្រាប់ក្រុមឡើងមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តែយ៉ាងណាក៏ដោយ UEFA មិនបានបញ្ជាក់ពីក្រុមចាញ់ នឹងទទួលបានប្រាក់ប៉ុន្មាននោះទេ ជាមួយនឹងវគ្គ១៦ក្រុម នឹងចាប់ផ្តើមប្រកួត បន្តទៀត ចាប់ពីរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨យប់ ម៉ោង១១យប់ និងម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
សម្រាប់លក្ខខណ្ឌនៃការប្រកួតក្នុងវគ្គចាញ់ធ្លាក់នេះដែរ គឺត្រូវរកក្រុមឈ្នះ និងចាញ់ឲ្យទាល់តែបាន ប្រសិនបើលេង ៩០នាទីពេញស្មើគ្នា ថែម១៥ នាទី២ដង បើនៅតែស្មើទៀត និងដល់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីតែម្តង ក្នុង ១ក្រុមទាត់ ៥គ្រាប់ដូចគ្នាដើម្បីកំណត់យក អ្នកខ្លាំងពិតប្រាកដ ឡើងទៅវគ្គ៨ក្រុម។
សូមបញ្ជាក់ផងដែរថា ក្រុមដែលបានឡើងមកដល់វគ្គ ១៦ក្រុម ត្រូវបានរកឃើញអស់ហើយនាយប់មិញ ដែលជាការប្រកួតបញ្ចប់សន្សំពិន្ទុ ក្នុងពូល E និង F និង៨ក្រុមត្រឡប់ទៅផ្ទះវិញមាន អាល់បានី, រ៉ូម៉ានី, តួកគី, អ៊ុយក្រែន, ស៊ុយអែត, សាធារណរដ្ឋឆេក, អូទ្រីស និងក្រុម ជម្រើសជាតិរុស្ស៊ី ក្នុងចំណោម ២៤ក្រុមដែលឡើងមកលេងវគ្គចែកពូលក្នុង Euro 2016 លើកទី១៥នេះ ចែកចេញជា៦ពូល និងក្នុង១ពូល មាន៤ក្រុមជម្រើសជាតិសាសន៍៕