(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពងធំបានរៀបចំកម្មវិធីអបអរសាទរពិធីឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣៣ ក្នុងនោះក៏មានកម្មវិធីរាំលេងកម្សាន្តនៅមាត់ស្ទឹងសែនយ៉ាងសប្បាយរីករាយផងដែរ ជាមួយវត្តមានចូលរួមទស្សនាកម្សាន្តពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជិត៣ម៉ឺននាក់។
ថ្ងៃឆ្លងឆ្នាំសកលជាពេលវេលាដើម្បីអបអរចុងឆ្នាំដែលនឹងកន្លងផុតទៅ ហើយស្វាគមន៍អ្វីដែលនឹងកើតមានក្នុងឆ្នាំថ្មី។ វាជាការប្រារព្ធពិធីដ៏ធំបំផុតមួយនៅលើពិភពលោក ព្រោះវាប្រារព្ធថ្ងៃចុងក្រោយនៃឆ្នាំនៅក្នុងប្រតិទិនថ្ងៃទី៣១ ខែធ្នូ មុនពេលចូលឆ្នាំថ្មី។
តាមការបញ្ជាក់ពីលោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្តបានឲ្យដឹងថា នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋជិត៣ម៉ឺននាក់មករាំលេងកម្សាន្តនៅសួន
មាត់ស្ទឹងសែនក្នុងឱកាសឆ្លងឆ្នាំថ្មី២០២២ចូល២០២៣ ហើយនៅក្នុងកម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធផងដែរ។
លោកបានបន្តថា ការរៀបចំកម្មវិធីអបអរសាទរពិធីឆ្លងឆ្នាំសកលនេះគឺមានការ សម្តែងរបាំ ប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើន ហើយកាំជ្រួចចម្រុះពណ៌បញ្ចេញសម្រស់ និងសំឡេង ទាក់ទាញការចាប់អារម្មណ៍របស់ហ្វូងមនុស្សយ៉ាងច្រើនដែលកំពុងជួបជុំគ្នារាប់ថយក្រោយយ៉ាងសប្បាយរីករាយពេលទ្រនិចនាឡិកាបានឈានដល់ឆ្នាំ ២០២៣ ហើយក៏មានទីតាំងផ្សេងៗទៀតដែលបានរៀបចំនៅពិធីនេះដែរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាព ការពារសុខសុវត្ថិភាពអាយុជីវិត ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន៕