(កំពត)៖ នាឱកាសបុណ្យចូលឆ្នាំសកល ២០២២ ឈានចូល ២០២៣ ខេត្តកំពត និងខេត្តកែបទទួលបានភ្ញៀវសរុបជិត៤០ម៉ឺននាក់ ក្នុងនោះខេត្តកំពតទទួលបានជាង៣០ម៉ឺននាក់ ហើយខេត្តកែបក៏៏ទទួលបានជិត៩ម៉ឺននាក់ដែរ។
លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ថ្ងៃឆ្លងឆ្នាំសាកល ២០២២ ឈានចូល ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួន៣៣០,៦៥៩នាក់ ក្នុងនោះភ្ញៀវទេសចរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាមានចំនួន៣០,៦៥៩នាក់។ ក្រៅពីនោះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្មវិធីប្រណាំងទូក និងការប្រគុំតន្រ្តីឆ្លងឆ្នាំក្នុងក្រុងកំពតប្រមាណ៣០០,០០០នាក់។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា សេវាកម្មស្នាក់នៅក្នុងខេត្តគឺមានភ្ញៀវទេសចរចូលស្នាក់នៅយ៉ាងច្រើនកុះករ ហើយសេវាកម្មគ្រប់ប្រភេទមិនមានបាតុភាពដំឡើងថ្លៃមិនសមស្របនោះទេ។ នៅតាមរមណីយដ្ឋាននានាបានដំណើការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងដែរថា ថ្ងៃឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរចំនួន៨៨,៣៥៦នាក់ កើនឡើង៥៣.៥៩%។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា នៅតាមរមណីយដ្ឋាននានាបានដំណើការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ គឺធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានល្អប្រសើរ៕