(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការ នគរបាលរាជធានីភ្នំពេញដើម្បីបង្កា ទប់ស្កាត់រាល់បទល្មើសដែលកើតមាននា រដូវកាលប្រកួតបាល់ទាត់យ៉ូរ៉ូ ឆ្នាំ២០១៦នេះ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការ បង្ក្រាបជាក់ស្ដែងនូវករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនវាយខ្នោះជនជាតិវៀតណាមម្នាក់រកឃើញដកហូត ថ្នាំញៀន WY មួយកញ្ចប់ធំមានចំនួនដល់ទៅ៥០គ្រាប់ ដែលជននេះបានរក្សាទុកនូវនិងខ្លួនបម្រុង យកទៅធ្វើសកម្មភាពចរាចរជួញដូរ យ៉ាងអនាធិប្បតេយ្យរួមទាំងដកហូតម៉ូតូ១គ្រឿងផងដែរ ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ ឫស្សីកែវ បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាប និងឃាត់ជនត្រូវជាប់ សង្ស័យខាងលើនេះដែរ ត្រូវបានអនុវត្តន៍និងធ្វើឡើងកាលពីវេលាម៉ោង ២៖១០នាទីយប់ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ផ្លូវ៩៣ កែងផ្លូវ៦២ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា ក្រោយទទួលបានផែនការដឹកនាំ ពីនាយឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការ បង្កាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមាននារដូវកាលប្រកួតបាលទាត់យ៉ូរ៉ូ កម្លាំងសមត្ថកិច្ចយើងទាំង៦សង្កាត់ បានបន្តយាមល្បាត ពួនស្ទាក់ត្រួតពិនិត្យលើសមភាពមធ្យោបាយធ្វើដំណើរ តាមដងផ្លូវក្នុងភូមិសាស្ត្រដែលគួរសង្ស័យទើបឈានដល់ការបង្ក្រាបករណីជួញដូរ គ្រឿងញៀនដោយបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ឆែកឆេរកឃើញដកហូតថ្នាំញៀន WY មួយកញ្ចប់ធំមានចំនួន៥០គ្រាប់ដែល ជននេះ បានរក្សាទុកនូវនិងខ្លួនបម្រុង យកទៅធ្វើសកម្មភាពជួញដូរយ៉ាងគឃ្លើន ព្រមទាំងដកហូត ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៍ប្រផេះ ពាក់ស្លាក់លេខភ្នំពេញ ១G-៣៥០១ ដែលជនត្រូវជាប់សង្ស័យជិះធ្វើសកម្មភាព ចរាចរគ្រឿងញៀនដោយខុសច្បាប់ ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់បន្ថែមថា ជនត្រូវជាប់ សង្ស័យជួញដូរគ្រឿងញៀនមានឈ្មោះ លឹម យ៉ាងនៀរ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលលេខ១២ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុម ៨ ភូមិបឹងសា ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឯប្រទេសវៀតណាម ។
បច្ចុប្បន្ន ជនជាតិវៀតណាម ដែលត្រូវជាប់សង្ស័យពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនរួមជាមួយវត្ថុតាង ត្រូវបាន កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ បាននិងកំពុង រៀបចំកសាងសំនុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនិតិវិធីច្បាប់៕