(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តមុនីរតនរង្សី (ហៅវត្តត្រពាំងទា)» ស្ថិតនៅភូមិត្រពាំងទា ឃុំចក ស្រុកអូររាំងឪ។

ថ្លែងក្នុងពិធីនោះ លោកបានលើកឡើងអំពីសារៈសំខាន់នៃការរួមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការការពាររក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រខ្មែរយើងកន្លងមកវត្តត្រពាំងទាត្រូវបានបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សមិទ្ធផលនានានៃវត្តត្រពាំងទាត្រូវបានស្ថាបនាឡើងវិញតាមរយៈកិច្ចផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងសប្បុរសជននានា នេះសបញ្ជាក់អំពីស្មារតីរួបរួមសាមគ្គីរបស់ប្រជាជាតិយើង ដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ហើយសមិទ្ធផលដែលដាក់សម្ពោធនៅពេលនេះទៀតសោតនឹងចូលរួមចំណែកបម្រើដល់ប្រយោជន៍មូលដ្ឋានក៏ដូចជាលើកកម្ពស់គុណតម្លៃនៃពុទ្ធសាសានាយើង។

លើសពីនេះទៀត លោក អ៊ាង សុផល្លែត ក៏បានលើកឡើងអំពីសារៈសំខាន់នៃវិស័យពុទ្ធចក្រក្នុងការអប់រំបណ្តុះសន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ជួយលើកស្ទួយសីលធម៌សង្គម និងអំពាវនាវសូមឱ្យមានការបន្តរួបរួមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសុខុលមាលភាពរបស់សង្គមជាតិយើង៕