(បាត់ដំបង)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសម្តែងនូវក្តីសាទរ និងថ្លែងអំណរគុណចំពោះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានសម្រចដកហូត អាជ្ញាប័ណ្ណរុករករ៉ែមាស នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របស់ក្រុមហ៊ុនចិន «ភូយ៉ាង» (PHU YANG Cambodia Co., Ltd) បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះ បង្កផលប៉ះពាលយ៉ាងខ្លាំង ដល់ការរស់នៅរបស់របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងស្រុកភ្នំព្រឹក បានប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីពួកគាត់ទទួល បានដំណឹងដ៏រីករាយថា លោករដ្ឋមន្ត្រី ស៊ុយ សែម សម្រេចព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនចិន ដែលរ៉ុករករ៉ែនៅភូមិសាស្ត្រស្រុកភ្នំព្រឹកនោះ ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ និងថ្លែងអំណរគុណដល់លោក ស៊ុយ សែម និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកក្រុមហ៊ុនរ៉ុករករ៉ែមាស «ភូយ៉ាង» នេះបានគៀបសង្កត់ប្រជាជន និងរករឿងសព្វបែបយ៉ាង ធ្វើឲ្យប្រជាជននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមហ៊ុននេះ។
ជាពិសេសជាងនេះទៀតនោះ ក្រុមប្រជាពលរដ្ឋក៏បាន ថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ លោក ស៊ុយ សែម ដោយជំរុញឲ្យមន្ត្រីចុះជំរឿនស្ថិតិ របស់ប្រជាពលរដ្ឋ ដើម្បីកង្កើតសហគមន៍ជាលក្ខណៈគ្រួសារជូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការយកចិត្ត លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅសាលាខេត្តបាត់ដំបង លោក ស៊ុយ សែម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការជីករ៉ែនៅស្រុកភ្នំព្រឹក ដោយលោករដ្ឋមន្ត្រីសម្រេចព្យួរជាបណ្តោះអាសន្ន នូវអាជ្ញាបណ្ណក្រុមហ៊ុនរ៉ុករករ៉ែមាស «ភូយ៉ាង» បន្ទាប់ពីក្រសួងបានរកឃើញ ភាពមិនក្រក្រតីមួយចំនួនធំ ដែលចូលពីមជ្ឈដ្ឋានខាងក្រៅ ធ្វើឲ្យមានការប៉ះពាល់ដល់លក្ខន្តិកៈ របស់ក្រុមហ៊ុនមួយនេះ។ ម្យ៉ាងវិញទៀត ក៏មានភាពអាណាធិបតេយ្យ នៃការរុករករ៉ែ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន (ម្ចាស់កម្មសិទ្ធិដី) ក្នុងនោះក៏មានអ្នកមកពីចម្ងាយលួច បន្លំចូលធ្វើរករ៉ែមាសនៅទីនោះ ផងដែរ។
ក្រសួងបានរកឃើញ ក្រុមហ៊ុននេះ បានបំផ្ទុះដោយរំសេវបំបែកថ្មភ្នំ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅ ជិតខាងនោះ ក៏អាចមានការប៉ះពាល់បរិស្ថាននៅជុំវិញផងដែរ។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនោះ លោក ស៊ុយ សែម បានថ្លែងក្នុងកិច្ចប្រជុំថា ចំពោះដីរបស់ប្រជាពលរដ្ឋ ដែលបានធ្វើរ៉ែជាលក្ខណៈគ្រួសារ ត្រូវចុះជំរឿនស្ថិតិឲ្យបាន ច្បាស់លាស់ ដើម្បីបង្កើតសហគមន៍ស្របច្បាប់ តាមបច្ចេកទេសណែនាំ ពីមន្រ្តីជំនាញផង។ ចំណែកក្រុមហ៊ុនចិន «ភូយ៉ាង» ត្រូវបានព្យួរ ជាបណ្តោះអាសន្នសិន ដើម្បីក្រសួងចុះពិនិត្យមើលថា តើក្រុមហ៊ុនបានធ្វើទៅតាម លក្ខន្តិកៈរបស់ខ្លួនត្រឹមត្រូវ ហើយឬនៅ?
លោក ស៊ុយ សែម បានបញ្ជាក់ទៀតថា បើក្រុមហ៊ុនធ្វើត្រឹមត្រូវក្រសួង នឹងផ្តល់អាប័ណ្ណឲ្យវិញ តែបើធ្វើមិនត្រឹមត្រូវតាមលក្ខខណ្ឌ គោលការណ៍ច្បាប់ទេ ក្រសួងនឹងត្រូវបញ្ចប់អាជ្ញាប័ណ្ណ បញ្ឈប់លែងឲ្យក្រុមហ៊ុននេះ ធ្វើបន្តទៀតបានឡើយ៕