(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ឆាយ សុផល ដោយសម្តែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ដែលទទួលដំណឹងថា លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់លោក បានទទួលមរណភាព វេលាម៉ោង ១១៥៥ នាទី នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

សម្តេចបានលើកឡើងថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិតរបស់លោក ឆាយ ធិរិទ្ធ បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ឆាយ ធីរិទ្ធ សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕