(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គម ហៅកាត់ថា ម.ជ.ជ. និងសរសេរជាភាសាអង់គ្លេសថា National Social Assistance Fund (NSAF) បានចាប់ផ្តើមដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
មូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណរដ្ឋបាល ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គម និងអនុក្រឹត្យលេខ២១០ អនក្រ.បក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ដីពីរចនាសម្ព័នរបស់មូលនិធិជាតិជំនួយសង្គម ដោយសមាហរណកម្មរវាង បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ.) និងនាយកដ្ឋានសុខុមាលភាពសង្គម។
ស្ថាប័នថ្មីនេះមានបេសកកម្ម តួនាទី ភារកិច្ច និងមុខងារក្នុងការផ្ដល់អន្តរាគមន៍ជំនួយសង្គម និងសន្តិសុខសង្គម ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព របស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ និងការបើកផ្ដល់សោធនជូនមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងប្រាក់ឧបត្ថម្ភដល់អ្នកក្នុងបន្ទុក ។
នាពេលបច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) កំពុងអនុវត្តកម្មវិធីជំនួយសង្គម ដូចជា កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធី និងគ្រោះមហន្តរាយផ្សេងៗ និងជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់របបសន្តិសុខសង្គម ដូចជា ការបើកផ្ដល់របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងគ្រួសារក្នុងបន្ទុក៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម៖