(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅស្ថាប័នតុលាការ ឱ្យពិចារណាកុំនាំយកកុមារីរងគ្រោះ ដោយសារការរំលោភបំពានលើរូបរាងកាយដែលមានអាយុក្រោម៥ឆ្នាំ ឡើងតុលារ។ ការនាំកុមារីរងគ្រោះឡើងតតាំងក្តីជាមួយជនល្មើសអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារីរងគ្រោះ។
ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមការស្នើរបស់លោកស្រី ម៉ម សុម៉ាលី នាយកអង្គការអាហ្វេស៊ីប។
ការសម្រេចបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «អីឡូវនេះ ខ្ញុំទទួលយកនូវសំណូមពរនេះ ត្រឹមតែមេធាវីទៅបានទេ អាហ្នឹង គឺឯកឧត្តម កើត រិទ្ធ, លោកជំទាវ ជួ ប៊ុនអេង ធ្វើការជាមួយឯកឧត្តម កើត រិទ្ធ អំពីខាងផ្នែកយុត្តិធម៌ គឺយកក្មេងទាំងនេះឡើងតុលាការ ស្នើនឹងបំបាត់ស្មារតីបន្ថែម»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមខាងផ្នែកតុលាការ គួរតែយល់អំពីបញ្ហានេះ ដូច្នេះ សូមអំពាវនាវដល់ក្រសួងយុត្តិធម៌ ដើម្បីសុំឱ្យតុលាការផ្តល់មេធាវីសម្រាប់ការឡើងតតាំងក្តី និងសង្ឃឹមថា តុលាការនឹងយល់ពីចំណុចនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នឹងធ្វើការជាមួយក្រសួងយុត្តិធម៌ ដើម្បីឱ្យតុលាការយល់ណព្រម ដោយមិនចាំបាច់ឱ្យកុមារីដែលរងគ្រោះដោយសារតែការបំពានលើរូបរាងកាយឡើងតុលាការ ឱ្យជួបមុខជនល្មើស។
«សូម្បីតែមនុស្សធំ គេមិនចាំបាច់ឡើងតុលាការខ្លួនគេទេ គេបញ្ជូនត្រឹមតែមេធាវី ដើម្បីទៅការពារក្តីនៅទីនោះ គ្រប់គ្រាន់ហើយ អ៊ឹចឹងខ្ញុំទទួលយកជាមួយនឹងសំណូមពរនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការនាំកុមារីរងគ្រោះទៅឡើងតទល់ក្តីជាមួយនឹងជនល្មើស នឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារីរងគ្រោះ ដូច្នេះ សូមតុលាការនៅគ្រប់ជាន់ថ្នាក់អធ្យាស្រ័យជាមួយនឹងផលវិបាកទាំងឡាយរបស់កុមារីរងគ្រោះ៕