(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាទិភាពអាហារូបករណ៍ដល់សិស្សស្រីនៅអង្គការអាហ្វេស៊ីបកម្ពុជា និងបានប្រកាសដាក់ចេញគោលការណ៍ឱ្យកុមារីនិងយុវតីនៅអង្គការនេះ ត្រូវតែបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
ការប្រកាសបែបនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសាកសួរសុខទុក្ខកុមារីនិងយុវតីដែលរងគ្រោះដោយការបំពាន និងជួញដូរផ្លូវភេទនៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានការសប្បាយរីករាយដែលឃើញកុមារៗទាំងនោះទទួលបានការរៀនសូត្រគ្រប់គ្នា ថ្វីដ្បិតក្នុងចំណោមអ្នកចូលរួមប្រលងបាក់ឌុបឆ្នាំនេះមានចំនួន៨នាក់ត្រូវធ្លាក់២នាក់ក៏ដោយ។ សម្ដេចតេជោបានលើកទឹកចិត្តដល់អ្នកប្រលងធ្លាក់ឱ្យខិតខំបន្តទៀត អាចថារៀនត្រួតថ្នាក់ដើម្បីត្រៀមប្រលងនៅចុងឆ្នាំ២០២៣នេះ ឬក៏ចូលរៀនថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ និងត្រៀមប្រលងបាក់ឌុបទៀតក៏បាន។
ចំណែកឯអ្នកដែលបានប្រលងជាប់៦នាក់នៅអង្គការអាហ្វេស៊ីបនោះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសផ្តល់អាទិភាពអាហារូបករណ៍ទាំងអស់គ្នា។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ចំណែកឯអ្នកដែលបានប្រលងជាប់៦នាក់នោះ គឺចាំបាច់ត្រូវដោះស្រាយអាហារូបករណ៍ ហើយខ្ញុំសូមស្នើថាកូនរបស់ខ្ញុំដែលកាន់កាប់អាហារូបករណ៍នេះ ត្រូវផ្ដល់អាទិភាពសម្រាប់ទីកន្លែងនេះ [....] ដោយសារតែមានមហាវិទ្យាល័យច្រើនណាស់ដែលបានផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាសម្រាប់ខ្ញុំ ប្រមាណជា៣ពាន់នាក់ក្នុងមួយឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យអង្គការដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅលោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់កាប់អាហារូបករណ៍របស់សម្ដេចតេជោផ្ទាល់ ដើម្បីឱ្យកុមារីកនៅអង្គការមានឱកាសរៀនបន្ត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសគោលការណ៍ថា កុមារីដែលមកស្នាក់នៅក្នុងអង្គការអាហ្វេស៊ីប ត្រូវបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាជាចាំបាច់ យ៉ាងហោចណាស់ត្រឹមកម្រិតបរិញ្ញាបត្រ ឬប្រសិនបើមានលទ្ធភាពបន្តក៏អាចបន្តទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងទៅថ្នាក់បណ្ឌិត ព្រោះថាយើងមិនមានអ្វីផ្សេងក្រៅពីការផ្ដល់នូវចំណេះវិជ្ជានោះទេ។ ថ្ងៃនេះយើងផ្ដល់ចំណីអាហារ និងការសិក្សារបស់ពួកគេ ប៉ុន្តែអ្វីដែលយើងចង់ផ្ដល់រយៈពេលវែងនោះ គឺការសិក្សានោះឯង។ ដូច្នេះសម្ដេចបានធានាឱ្យសិស្សដែលប្រលងជាប់បាក់ឌុបនៅកន្លែងនេះ ឱ្យទទួលបានការសិក្សានៅថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា។
សូមជម្រាបថា អង្គការអាហ្វេស៊ីប គឺជួយកុមារីនិងយុវតីដែលធ្លាប់រងនូវវិបត្តិផ្លូវចិត្ត ដោយសារការបំពានលើរូបរាងកាយ និងការជួញដូរផ្លូវភេទពីអបាយជន ទុច្ចរិតជន ដើម្បីទំនុកបម្រុងផ្ដល់នូវការចិញ្ចឹមថែទាំ ផ្ដល់ជំនួយស្មារតីផ្លូវចិត្ត ផ្ដល់ការសិក្សារៀនសូត្របណ្ដុះបណ្ដាលវិជ្ជាផ្សេងៗ ក៏ដូចជាផ្ដល់ការគាំពារនានាដល់ពួកគេ៕