(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើនការឧបត្ថម្ភដល់អង្គការអាហ្វេស៊ីបមួយឆ្នាំចំនួន ៥ម៉ឺនដុល្លារបន្ថែមទៀត និងបានសម្រេចបង្កើនការឧបត្ថម្ភថវិកាពី ១០លានរៀល ទៅ២០លានរៀល សម្រាប់ការហូបចុម នៅក្នុង១ខែ ហើយការដំឡើងនេះចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣តទៅ និងបន្តផ្តល់ប្រាក់១០ម៉ឺនរៀល ដល់ក្មេងស្រីនៅអង្គការអាហ្វេស៊ីប។

ការសម្រេចបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ស្អែកនេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយ៉ាងដូច្នេះថា៖ «ដើម្បីត្រៀមទុកសម្រាប់ការដោះស្រាយនានា រាប់ទាំងថ្លៃទឹក ថ្លៃភ្លើង ឬភាពចាំបាច់ណា ជួនកាលក្មេងឈឺ ត្រូវដោះស្រាយភ្លាមៗ ខ្ញុំក៏សូមបន្ថែមថា ១ឆ្នាំនឹងផ្តល់ជូនប្រាក់៥ម៉ឺនដុល្លារ បន្ថែមទៀត អ៊ឹចឹងប្រាក់ហូបចុកផ្សេង ប្រាក់១ឆ្នាំ៥ម៉ឺន សម្រាប់ដោះស្រាយបញ្ហាកុំឱ្យផុតដៃជើង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រាក់ឧបត្ថម្ភបន្ថែមនេះ មិនមែនធ្វើតែក្នុងមួយថ្ងៃ ឬ១ឆ្នាំ​ ឬ២ឆ្នាំនោះទេ បើទោះបីជាអ្នកផ្សេងប្រឹងប្រែងកម្ចាត់ត្រកូល «ហ៊ុន» ចេញពីកម្ពុជា ប៉ុន្តែ គ្មានផ្លូវនោះទេ

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ បានគូសបញ្ជាក់ថា៖ «ដោយសារតែបញ្ហាអតិផរណា ធ្វើឱ្យអាហារហូបចុករបស់ក្មួយៗចៅ មានការថយចុះ ដូច្នេះ ចាប់ពីខែនេះទៅ ថវិកាដែលត្រូវបានផ្តល់ថែមសម្រាប់ការហូបចុកសុំដំឡើងពី១០លាន ទៅ២០លានរៀនតែម្តង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុង១ឆ្នាំ ត្រូវបានចំណាយថវិកាចំនួន២៦០លានរៀល សម្រាប់តែការចុករបស់កុមារដែលរស់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា។ សម្តេចតេជោ ថា «អង្ករមានហើយ ហើយខ្ញុំសូមផ្តាំអ្នកដែលផ្គត់ផ្គង់អង្ករ សុំទិញអង្ករលេខ១ អង្ករឆ្ងាញ់ជាងគេ»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលប្រកបដោយព្រហ្មវិហារធម៌ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបន្ថែមថាថវិកាជូនអង្គការអាហ្វេស៊ីបកម្ពុជា ពី១០ ទៅ២០លានរៀល គឺជាការសម្រួលនៃការកើនឡើងជីវភាពចៅៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភដល់អង្គការអាហ្វេស៊ីបមួយឆ្នាំចំនួន ៥ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ជាដើម។ សម្តេចបានបញ្ជាក់ថា ការឧបត្ថម្ភនេះនឹងធ្វើឡើងក្នុងរយៈពេលវែង។ ប៉ុន្តែការធ្វើនេះមិនមែនដើម្បីគាំទ្រឱ្យមានការរំលោភបំពានលើក្មេងស្រីនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការសម្រេចឧបត្ថម្ភនាពេលនេះ នឹងធ្វើឱ្យការទ្រទ្រងដំណើរការអង្គការ និងការហូបចុកនៅអង្គការអាហ្វេស៊ីប បានល្អប្រសើរ៕