(ភ្នំពេញ)៖ ជាមួយការបើកទំព័រឆ្នាំថ្មី ២០២៣ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសាកសួរសុខទុក្ខកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ នៅអង្គការអាហ្វេស៊ីបកម្ពុជា ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រៅតែពីសាកសួរសុខទុក្ខសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយយុវនារី និងកុមារី ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទា របស់អង្គការអាហ្វេស៊ីបកម្ពុជារួចម្តងមកហើយ។
សម្តេចទាំងទ្វេ បានផ្តល់ក្តីអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយឧបត្ថម្ភរថយន្តមួយគ្រឿង អង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ១០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ម៉ឺនរៀល ក្នុងមួយខែ។
បន្ថែមពីលើនោះ សម្តេចទាំងទ្វេ ក៏បានផ្តល់អំណោយសាងសង់អាគារថ្មីមានកម្ពស់៣ជាន់ស្មើ និង៤០បន្ទប់ រួមមានបន្ទប់ស្នាក់នៅ ថ្នាក់រៀន បន្ទប់ថែទាំ និងព្យាបាល ព្រមទាំងអាគារការិយាល័យដែលមាន ៤បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូបំពេញការងារ ព្រមទាំងបានបញ្ចូលបុគ្គលិក ដែលបំពេញការងារ នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជាចំនួន ២៧នាក់ ជាមន្ត្រីរាជការក្របខណ្ឌ សង្គមស៊ីវិលក្រោមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបុគ្គលិក២នាក់ ដែលមានអាយុត្រូវចូលនិវត្តន៍ ជាមន្ត្រីកិច្ចសន្យាផងដែរ។
សូមបញ្ជាក់ថា អង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ លើស្ត្រី និងកុមារី។
អង្គការអាហ្វេស៊ីបកម្ពុជា ប្រយុទ្ធប្រឆាំងនូវគ្រប់ទម្រង់នៃការជួញដូរមនុស្ស និងវិធានការការពារ ក្នុងគោលបំណងកាត់បន្ថយ តម្រូវការជនរងគ្រោះដោយការជួញដូរមនុស្ស តាមរយៈការប្រយុទ្ធប្រឆាំង អំពើហិង្សាលើស្រ្តីនិងកុមារី (វិសមភាពយែនឌ័រ) ព្រោះថាអំពើហិង្សាលើស្រ្តីនិងកុមារីវាជាផ្នែកមួយនៃបញ្ហាសិទ្ធិមនុស្ស។
អង្គការអាហ្វេស៊ីបកម្ពុជា ធ្វើការជួយដល់យុវនារី និងកុមារីរងគ្រោះ ឬមានហានីភ័យខ្ពស់ក្នុងការងាយរងគ្រោះ ដោយអំពើជួញដូរផ្លូវភេទ ហឹង្សា រំលោភបំពាន រំលោភសេពសន្ថវៈ ទាសភាពជាប់កិច្ចសន្យា ឬកេងប្រវ័ញ្ច ដោយសហការជាមួយគ្រួសាររបស់ពួកគាត់ ក្នុងការផ្តល់សុវត្ថិភាព និងការផ្តល់យុទ្ធសាស្ត្រឱ្យចាកចេញដោយនិរន្តភាព។
អង្គការអាហ្វេស៊ីបកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល អង្គការកៅ្ររដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាដៃគូរអន្តរជាតិនានា ដើម្បីផ្តល់ដំណោះស្រាយសមស្របចំពោះបញ្ហាពាក់ព័ន្ធ។
អង្គការអាហ្វេស៊ីបកម្ពុជា មានទិសដៅផ្តល់ការថែទាំ និង ធានាបានសិទ្ធិរបស់យុវនារី និង កុមារីរងគ្រោះ និងងាយរងគ្រោះ ដោយអំពើទាសភាព តាមរយៈការស្តារនីតិសម្បទា ការអប់រំ បណ្តុះបណ្តាល និងសមាហរណកម្មដោយជោគជ័យ ត្រឡប់ទៅសង្គមវិញ ដោយឯករាជ្យភាពហិរញ្ញវត្ថុ និរន្តរភាព និង ភាពឆ្នៃប្រឌិត។ យើងអនុវត្តការងារនេះ ដោយជួយជ្រោមជ្រែង និង បង្ហាត់បង្រៀនពួកគាត់ អំពីឯករាជ្យភាពហិរញ្ញវត្ថុ តាមរយៈនិរន្តភាពមុខរបរ។ បន្ទាប់មកលើកទឹកចិត្តឱ្យពួកគាត់ ក្លាយជាផ្នែកមួយរបស់បណ្តាញអតីតៈជនរងគ្រោះ ។
អង្គការអាហ្វេស៊ីបកម្ពុជា ជួយស្ត្រី និងកុមារីរងគ្រោះ និងប្រឈមហានីភ័យខ្ពស់ក្នុងការងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវញ្ចផ្លូវភេទ តាមរយៈការផ្តល់ជំរកសុវត្ថិភាពនៅក្នុងមណ្ឌល ការថែទាំសុខភាពផ្លូវចិត្ត សុខភាពរាង្គកាយ ជំនួយនិតិកម្ម អារូបករណ៍សិក្សាកម្រិតក្រោមវិទ្យាល័យ និងឧត្តមសិក្សា ការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេដ្ឋកិច្ចជាមួយកញ្ចប់ថវិការផ្តួចផ្តើមប្រកបរបខ្នាតតូច ឬស្វែងរកការងារជូនពួកគាត់ពេលបញ្ចប់ការជំនាញនីមួយៗ។
យុវនារី និងកុមារីក្រោយពេលសមាហរណកម្មទៅរស់នៅជួបជុំក្រុមគ្រួសារនៅសហគមន៍វិញ អង្គការអាហ្វេស៊ីបកម្ពុជា នៅបន្តតាមដាន និងបន្តជំនួយឧត្តមផ្នែកស្មារតី ប្រឹក្សាយោបល់ និងជំនួយហិរញ្ញវត្ថុដើម្បីជំរុញឱ្យពួកគាត់បានមានស្ថេរភាព និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ យើងលើកទឹកចិត្តជនរងគ្រោះឱ្យក្លាយជាអតីតជនរងគ្រោះ ហើយលើកទឹកចិត្តអតីតជនរងគ្រោះឱ្យរួមចំណែកជួយសង្គមវិញ តាមរយៈការកសាងបណ្តាញលើកកម្ពស់អតីតជនរងគ្រោះ។
អង្គការអាហ្វេស៊ីបកម្ពុជា មានការិយាល័យ និងមណ្ឌលស្តារនីតិសម្បទាដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាយើង ត្រូវបានដាក់ឈ្មោះថា «មណ្ឌលស្តារនីតិសម្បទាអាហ្វេស៊ីប ទុំឌី»។ «ទុំឌី» គឺជាឈ្មោះជនរងគ្រោះម្នាក់របស់អង្គការអាហ្វេស៊ីបកម្ពុជា ប៉ុន្តែគាត់បានទទួលមរណភាពដោយសារជម្ងឺឆ្លងពេលរងគ្រោះ។
អង្គការអាហ្វេស៊ីបកម្ពុជា មានបុគ្គលិកបម្រើការងារសរុបចំនួន៣២នាក់(ស្រី១៨នាក់) និងមានយុវនារី និងកុមារីសរុបចំនួន ១៤៨នាក់ ដែលកំពុងទទួលការឧបត្ថម្ភពីអង្គការអាហ្វេស៊ីបកម្ពុជា រួមមានការថែទាំសុខភាព និងអាហារូបករណ៍សិក្សា និងបណ្តុះបណ្តាលជំនាញ។
ក្នុងចំណោម១៤៨នាក់ មាន ១១៩នាក់ដែលទទួលបានថវិកា ឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចជោ និងសម្តេចកិត្តិជាប្រចាំខែដែលម្នាក់ៗ បាន១០ម៉ឺនរៀល សម្រាប់ជាលុយហោប៉ាវពេលទៅសាលារៀន និងសន្សំទុកខ្លះសម្រាប់ទិញសម្ភារៈលម្អកាយ ក៏ដូចជាជួយទំនុកទំនុងក្រុមគ្រួសារពួកគាត់ផងដែរពេលពួកគាត់មានតម្រូវការជាចាំបាច់។
លោកស្រី ម៉ម សុម៉ាលី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការបានជួយដល់កុមារី និងយុវតីរងការរំលោភបំពាន និងជួញដូរផ្លូវភេទសរុបប្រមាណជា ១ម៉ឺននាក់ហើយ៕