(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ដកតំណែងលោក ភូ លិ អភិបាលរងខេត្តកែប ដែលបានប្រព្រឹត្តទង្វើដ៏គួរឱ្យស្អប់ខ្ពើមនិងអសីលធម៌ដោយបានប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប។
ញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋាន ពន្ធដារ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចដកតំណែង លោក ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកែប ដែលបានប្រព្រឹត្តទង្វើដ៏គួរឱ្យស្អប់ខ្ពើមនិងអសីលធម៌ដោយបានប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២ រូប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ក្នុងនោះ ស្រ្តីមួយរូប គឺជាមន្ត្រីរាជការពន្ធដារថ្នាក់ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកែប ត្រូវទទួលរងរបួសស្នាមយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់ ដោយមានការដេរមុខរបួសរហូតដល់ចំនួន ១៦ ថ្នេរ។ ចំណាត់ការដ៏ត្រឹមត្រូវនិងទាន់ពេលវេលានេះ គឺជាការស្វែងរកយុត្តិធម៌ជូនស្ត្រីរងគ្រោះទាំងពីររូប រួមទាំងស្ត្រីមួយរូបដែលជាមន្ត្រីរាជការពន្ធដារផងដែរ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះចំណាត់ការរបស់ សម្ដេចតេជោ ហ៊ុន សែន លើករណីនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។
ទន្ទឹមនឹងនេះ យើងខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសូមបន្តចាត់វិធានការបន្តបន្ទាប់តាមច្បាប់ចំពោះបុគ្គលរូបនេះ ដើម្បីស្វែងរកយុត្តិធម៌បន្ថែមជូនជនរងគ្រោះ ក៏ដូចជាគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ទប់ស្កាត់និងបង្ការការប្រើប្រាស់អំពើហិង្សា និងធានាភាពយុត្តិធម៌ សុខសន្តិភាព ស្ថិរភាព វិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា»៕